មេដឹកនាំសិង្ហ​បុរី អះអាងថា​៖ ទាំង​រដ្ឋាភិបាល និង​បក្សប្រឆាំង ទោះ​មាន​និន្នាការ​ផ្ទុយគ្នា​ក៏ដោយ តែត្រូវ​រួមគ្នាធ្វើការ​ដើម្បី​ជាតិ

ចែករំលែក៖

អន្តរជាតិ៖ កាលពីពេលថ្មីៗនេះ លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី លី សៀន​ឡុង បាន​ក្រើនរម្លឹក​ត្រង់ៗ​ថា ទាំង​រដ្ឋាភិបាល និង​បក្សប្រឆាំង ទោះ​មាន​និន្នាការ​ផ្ទុយគ្នា​ក៏ដោយ ភាគី​ទាំងពីរ ត្រូវតែ​ធ្វើការ​ដើម្បី​ប្រទេស មិនមែន​ដើម្បី​ផលប្រយោជន៍​បក្សពួករ​បស់​ខ្លួន​នោះទេ​។ ការលើកឡើងបែបនេះរបស់លោកនាយក​រដ្ឋមន្ត្រីសិង្ហ​បុរី បានធ្វើឡើងតាមរយៈ​វេទិកា​ដ៏​សំខាន់ជា​សាធារណៈ​លើកដំបូង​ទៅកាន់​សភាជាតិ​របស់ខ្លួន​ស្តីពី​គោលនយោបាយ​ជាតិ​សម្រាប់​អាណត្តិ​ដឹកនាំ​ថ្មី នៃ​បក្ស​កាន់អំណាច និង​រដ្ឋាភិបាល​បច្ចុប្បន្ន​។

​លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង ថ្លែងក្នុងវេទិកា​លើកដំបូង​ក្នុង​អាណត្តិ​ថ្មី​នៃ​ការដឹកនាំ​រដ្ឋាភិបាល​សិង្ហ​បុរី លោក បានបង្ហាញ​ពី​ផែនការ​ជាច្រើន​ដែល​ត្រូវធ្វើ​ក្នុងនាម​រដ្ឋាភិបាល​នៃ​បក្ស​កាន់អំណាច រួមមាន​ដូចជា៖ ការកសាង​កុងសង់ស៊ីស​នយោបាយ​, ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ទប់ស្កាត់​ការផ្ទុះ​ជំងឺ​រាតត្បាត​ផ្សេងៗ​, គោលនយោបាយ​ពលករ​បរទេស​, ស្ថិរភាព​សេដ្ឋកិច្ច ក៏ដូចជា​ការរក្សា​ឲ្យ​បាន​ពី​លក្ខណៈពិសេស​នៃ​នយោបាយ និង​រដ្ឋាភិបាល​សិង្ហ​បុរី​។

​នាឱកាសនោះដែរ ក្នុងចំណោម​បញ្ហា​ជាច្រើន​ខាងលើ លោកនាយក​រដ្ឋមន្ត្រី បាន​ផ្តោត​សំខាន់​លើ​តួនាទី​របស់​រដ្ឋាភិបាល និង​បក្សប្រឆាំង​។លោកនាយក​រដ្ឋមន្ត្រី លើកឡើងថា រដ្ឋាភិបាល នឹង​នៅតែ​បន្ត​អនុវត្ត​ការងារ​បែប​ចំហរ និង​ស្ថាបនា ក្នុងការ​ពិភាក្សា​លើ​គោលនយោបាយនិង​បញ្ហា និង​ស្តា​ប់រាប់​យោបល់​និង​ទស្សនៈ ទោះបី​ជាមាន​និន្នាការ​ផ្ទុយគ្នា​ក៏ដោយ​។​ នេះបើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Channel News Asia ។

​លោក លី សៀន​ឡុង ​អះអាងថា ភាពជោគជ័យ​មួយ​ក្នុងការ​ស្វែង​ដំណោះស្រាយ​ដ៏​ត្រឹមត្រូវ​លើ​បញ្ហា​របស់​សិង្ហ​បុរី អាស្រ័យ​លើ​បរិយាកាស​នយោបាយ​ល្អប្រសើរ​។ លោក បន្តថា កន្លងមក​សិង្ហ​បុរី សម្រេចបាន​កុងសង់ស៊ីស​នយោបាយ​ក្នុង​កម្រិត​ខ្ពស់​មួយ​លើ​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​នឹង​សង្គម និង​សេដ្ឋកិច្ច ដែល​ចំណុច លោកនាយក​រដ្ឋមន្ត្រី ចង់​បង្ហាញថា ការចេះ​ធ្វើការ​របស់​រដ្ឋាភិបាល និង​បក្សប្រឆាំង​នេះហើយ ដែលជា​ហេតុផល​ចម្បង​មួយ​ធ្វើ​ឲ្យ​សិង្ហ​បុរី​មានការ​លូតលាស់​ឆាប់រហ័ស​។

​បន្ថែមពីនេះទៅទៀត ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​សិង្ហ​បុរី​រូបនេះ បាន​គូសបញ្ជាក់ថា៖ លោក បាន​ស្តាប់​ការលើកឡើង​នូវ​គោលនយោបាយ និង​ជំហរ​របស់​មេដឹកនាំ​បក្សប្រឆាំង ហើយ​លោក ក៏បាន​សាទរ និង​ស្វាគមន៍​នឹងធ្វើ​ការ​ជាមួយ​បក្សប្រឆាំង តាមរយៈ​ការជជែក​ដេញដោល​បែប​ស្ថាបនា​ក្នុង​ក្របខណ្ឌ​សភា​។ ក៏ប៉ុន្តែ​សម្រាប់​លោក ការជជែក ត្រូវតែ​ផ្អែកលើ​គោលការណ៍ និង​ការពិត​។

​មិនតែប៉ុណ្ណោះលោក លី សៀន​ឡុង ​សង្កត់ធ្ងន់ថា៖ ដើម្បី​ឲ្យ​នយោបាយ​របស់​សិង្ហ​បុរី​បន្ត​ដើរទៅ​មុខ ទាំង​រដ្ឋាភិបាល និង​ក្រុមប្រឆាំង​ត្រូវតែ​បង្ហាញ​គោលបំណង​រួម ដើម្បី​ធ្វើការ​ដើម្បី​សិង្ហ​បុរី និង​មិនមែន​គ្រាន់តែ​ដើម្បី​បក្ស ឬ​អ្នកគាំទ្រ​របស់ខ្លួន​ឡើយ​។ ជាមួយគ្នានេះ ប្រមុខ​បក្ស​កាន់អំណាច​សិង្ហ​បុរី​រូបនេះ ក៏បាន​រំពឹង​ផងដែរ​ថា បក្សប្រឆាំង នឹង​អាចធ្វើ​ការមិន​ត្រឹមតែ​ការ​ចោទសួរ និង​រិះគន់​លើ​សំណើ​រដ្ឋាភិបាល​ប៉ុណ្ណោះ​នោះទេ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print