ការដោះដូរ បន្លែ ត្រី សាច់គឺជាទម្លាប់ធម្មតា របស់ប្រជាជននៃប្រទេសកម្ពុជា-ឡាវនៅខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ៖ អភិបាលស្រុកឆែប និងអាជីវករលក់ដូរនៅក្នុងផ្សារស្ថិតក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ បានច្រានចោល ព័ត៌មានជុំវិញការនាំជ្រូកចូលទឹកដីកម្ពុជា តាមព្រំដែនឡាវ ក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ និងបានបំភ្លឺដល់មហាជនឲ្យបានជ្រាប ជុំវិញការ រស់នៅតំបន់ព្រំដែន និងការដោះដូរទំនិញ រវាងប្រជាជនឡាវ និងកម្ពុជា គឺមានលក្ខណៈជាទម្លាប់តាំងពីបុរាណកាលមក ។

លោក សុខ សាន្តដារ៉ា អភិបាលស្រុកឆែប បានឲ្យដឹងថា ប្រជាជនទាំងពីរប្រទេស កម្ពុជា-ឡាវ មានការទំនាក់ ទំនងគ្នាស្អិតរមួតណាស់ និងបានរក្សានូវវប្បធម៌ដោះដូរទំនិញគ្នាជាលក្ខណៈប្រពៃណីទៅហើយ ដូចជា សម្ភារៈប្រើប្រាស់ ម្ហូប អាហារ បន្លែ ត្រី សាច់ ជាដើម ហើយស្ថានភាពនៃការរស់នៅរបស់ប្រជាជននៅក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារនេះនអស់រយៈពេលជាច្រើនឆ្នាំ និងអាចនិយាយបានថាជាទម្លាប់ និងភាពស្និតស្នាលគ្នាយ៉ាងល្អបំផុត ។ លោកអភិបាលស្រុកបន្ត ការដោះដូរទំនិញនេះ មិនមានលក្ខណៈទ្រង់ទ្រាយធំនោះទេ ពោលគ្រាន់តែសម្រាប់ផ្គត់ផ្គង់ តម្រូវការក្នុងតំបន់នេះតែប៉ុណ្ណោះ ។ ការលើកឡើងបែបនេះ របស់អភិបាលស្រុកឆែប បានធ្វើឡើង បន្ទាប់ពីមានព័ត៌មាន និងពាក្យចចាមរ៉ាមថា មានការនាំចូលសត្វជ្រូករាប់រយក្បាលក្នុង១ថ្ងៃៗ ពីទឹកដីឡាវ ចូលកម្ពុជា ត្រង់ចំណុចឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ កន្លងទៅនេះ ។

លោក វេង ហុងលីម ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តព្រះវិហារ បានអះអាងថា គ្មានការនាំចូលសត្វជ្រូកមួយថ្ងៃៗ រាប់រយក្បាល និងមានឈ្មួញចាំប្រមូលទិញ ពីដីឡាវនោះ គឺមិនមានឡើយ ព្រោះលោកបានចុះទៅពិនិត្យជាក់ស្តែងរួចមកហើយ គឺមិនមាននោះទេ ។ លោកទទួលស្គាល់ថា ចំពោះការនាំសត្វជ្រូក មាន់ ទា របស់ប្រជាជនឡាវ មកលក់ឲ្យប្រជាជនខ្មែរ និងអាជីវករលក់ដូរ នៅឃុំកំពង់ស្រឡៅ សម្រាប់តម្រូវការហូបចុក និងយកមកចិញ្ចឹម គឺមានប្រាកដមែន ព្រោះតំបន់នេះ ការរក្សាទម្លាប់នៃការដោះដូរទំនិញគ្នានេះ គឺមានជាយូរឆ្នាំណាស់មកហើយ ។

អាជីវករនៅក្នុងឃុំកំពង់ស្រឡៅ ជាប់ព្រំដែនកម្ពុជា-ឡាវ បានអះអាងដែរថា ការទិញជ្រូកមាន់ទា ពីប្រជាជនឡាវ ប្រជាជន និងអាជីវករខ្មែរខ្លះ យកមកចិញ្ចឹមបន្ត ដើម្បីដឹកមកលក់ចែកចាយក្នុងតំបន់តែប៉ុននោះ ។ អាជីវករនៅទីនោះបានចាត់ទុកថា ការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួន បានធ្វើប៉ះពាល់ដល់ការទំនាក់ទំនង និងការផ្តោះប្តូរទំនិញរបស់ពួកគាត់រវាងប្រជាជនឡាវថែមទៀតផង ព្រោះការលក់ដូរទំនិញផ្សេងៗរវាងប្រជាជនទាំងពីរ មានទៅ មានមក ដូចជាមាន់ ទា ត្រី សាច់ បន្លែ និងសម្ភារៈប្រើប្រាស់ជាដើមតាំងពីយូរលុងណាស់មកហើយ ។

សូមបញ្ជាក់ថា ការដោះដូរទំនិញផ្សេងៗរវាងប្រជាជនទាំងពីរប្រទេស ដូចជា មាន់ ទា ត្រី សាច់ បន្លែ និង សម្ភារៈប្រើប្រាស់ជាដើម គឺមានតាំងពីដូនតាមកម្ល៉េះនៅចំណុចផ្សារក្រមួន ជាប់មាត់ទន្លេមេគង្គ បច្ចុប្បន្ននេះបានប្តូរមកលក់នៅក្នុងផ្សារតាហួរ ជាប់មាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ៕

ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print