ភ្នំពេញ៖ លោក អាន់តូនីញ៉ូ ហ្គូទៃរ៉េស អគ្គលេខាធិការអ.ស.ប.បានផ្ញើលិខិតអរគុណសម្តេចតេជោ ដែលចូលរួមប្រយុទ្ធប្រឆាំង Covid-19 ជាសកល ដោយលោកបានថ្លែងថា៖ ខ្ញុំសូមថ្លែងអំណរគុណចំពោះលិខិតចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងចំពោះការគាំទ្ររបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ ជាសកល រួមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់ក្រុមការងារមនុស្សធម៌ គ្រូពេទ្យ និងសម្ភារបរិក្ខារ ផ្សេងៗ។ ការគាំទ្រនេះ មានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជា ធានានូវការបន្ត ប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះជីវិតនៅទីកន្លែងក្រីក្រ និងងាយរងគ្រោះបំផុតនៅលើពិភពលោក។
លោកបន្តថា៖ ខ្ញុំសូមថ្លែងអំណរគុណជាពិសេសដល់រាជដ្ឋាភិបាលរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះឆន្ទៈក្នុងការ ជួយសម្រួលដល់ការហោះហើរផ្នែកមនុស្សធម៌ ដែលអនុញ្ញាតឱ្យបុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាល ចូលទៅកាន់ប្រទេសមួយចំនួន ដើម្បីជួយដល់ជនងាយរងគ្រោះបំផុត។ ក្នុងដំណើរឆ្ពោះទៅមុខ ប្រការ នេះមានសារៈសំខាន់ណាស់ក្នុងការរក្សាឱ្យបានខ្ជាប់ខ្ជួននូវវិធានការក្នុងអំឡុងការប្រយុទ្ធប្រឆាំងជំងឺ រាតត្បាតុវីដ១៩ និងវិបត្តិមនុស្សធម៌ដ៏ទៃទៀត ដើម្បីអនុញ្ញាត ជួយសម្រួល និងពនឿនការបន្តធ្វើ ដំណើររបស់បុគ្គលិកមនុស្សធម៌ និងបុគ្គលិកសុខាភិបាល និងការដឹកជញ្ជូនសម្ភារបរិក្ខា តាមរយៈជើង ហោះហើរផ្នែកមនុស្សធម៌ និងសង្គ្រោះ។
សហគមន៍មនុស្សធម៌កំពុងបន្តបង្កើនការឆ្លើយតបរបស់ខ្លួន ចំពោះផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។ ដូចដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានជ្រាបហើយ ការធ្វើបច្ចុប្បន្នភាព “ផែនការឆ្លើយតបមនុស្សធម៌ សកលលោកប្រឆាំងជំងឺកូវីដ១៩ ” នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ ឥឡូវនេះអាចឱ្យអង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួនផ្តល់នូវជំនួយផ្នែកសុខភាព និងជំនួយសង្គ្រោះជីវិតផ្សេងទៀតដល់ ៦៣ ប្រទេស ដែល ប្រឈមមុខនឹងវិបត្តិមនុស្សធម៌ ឬភាពផុយស្រួយកម្រិតខ្ពស់។
តាមរយៈកិច្ចសហការរួមគ្នាជាមួយអគ្គនាយកនៃអង្គការសុខភាពពិភពលោកខ្ញុំបានបង្កើតក្រុមការងារ ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងបរិបទជំងឺកូវីដ១៩ (COVID-19 Supply Chain Task Force) ដែលមានអង្គការ សុខភាពពិភពលោក និងអង្គការស្បៀងអាហារពិភពលោកជាសហប្រធាន ដើម្បីកំណត់គម្លាតនៃការ ផ្គត់ផ្គង់ និងផ្តល់នូវបរិក្ខារពេទ្យចាំបាច់ដល់ប្រទេសនានា សម្រាប់ការឆ្លើយតបនឹងកូវីដ១៩។
លោកលើកឡើងថា៖ ខ្ញុំមានសេចក្តីរីករាយដោយបានដឹងថា ព្រះរាជាណាចក្រកម្ពុជាបានចាត់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ឱ្យសហការជាមួយអង្គការសុខភាពពិភពលោក និងអង្គការស្បៀងអាហារពិភពលោក ក៏ដូចជា ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងទីភ្នាក់ងារមនុស្សធម៌នានា ដើម្បីជួយសម្រួលដល់ប្រតិបត្តិការនេះ។ អង្គការសហប្រជាជាតិរីករាយបន្តធ្វើការជាមួយព្រះរាជាណាចក្រកម្ពុជា ក្នុងគ្រាលំបាកដែលពុំធ្លាប់មាននេះ។
មានតែតាមរយៈការធ្វើការរួមគ្នាប៉ុណ្ណោះ ដែលអាចឱ្យយើងធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩(ការពារជនងាយរងគ្រោះបំផុត និងកសាងសង្គមប្រកបដោយសមធម៌ និងបរិយាប័ន្ន ដែលការពារសុខភាពនិងសុខុមាលភាពរបស់មនុស្សទាំងអស់ និងភពផែនដី៕
ដោយ៖ សុខ ខេមរា