អន្តរជាតិ៖ បើតាមការបញ្ជាក់របស់មន្ត្រីពេទ្យ និងមន្ត្រីរបស់អង្គការសហប្រជាជាតិ(UN) អះអាងថា៖ បុគ្គលិករបស់ខ្លួន ដែលកំពុងបំពេញការងារមនុស្សធម៌ជាង២០០នាក់ នៅស៊ីរីបានឆ្លងជំងឺ COVID-19 ។ ខណៈដែលអង្គការមួយនេះ កំពុងស្វែងរកវិធីសាស្ត្រទប់ស្កាត់ឆ្លងជំងឺ ក្នុងប្រទេសដែលញាំញីដោយសារសង្គ្រាម និងទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិចមួយនេះ។
បើយោងតាមលិខិតរបស់មន្ត្រី UN ប្រចាំស៊ីរី បានបញ្ជាក់ថា មានករណីឆ្លងច្រើនជាង២០០ករណី ក្នុងចំណោមបុគ្គលិករបស់ UN ដែលក្នុងនោះមានមួយចំនួនត្រូវបានដាក់ឲ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ចំណែកឯបុគ្គលិកបីរូបទៀតត្រូវបានជម្លៀសចេញពីស៊ីរី ដែលទំនងបណ្ដាលមកពីស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ទីភ្នាក់ងាររបស់ UN និងអង្គការក្រៅរដ្ឋាភិបាលនៅស៊ីរីបច្ចុប្បន្នកំពុងធ្វើការផ្តល់ជំនួយមនុស្សធម៍ នៅក្នុងប្រទេសស៊ីរីដែលសង្គ្រាមស៊ីវិលបានអូសបន្លាយពេលជិត១០ឆ្នាំ។ ចំណែកតួរលេខនៃបុគ្គលិក UN ប្រចាំស៊ីរីដែលឆ្លង COVID-19 ត្រូវបានគ្រូពេទ្យកត់សម្គាល់ថា មានចំនួនច្រើន ហើយក៏រាប់បញ្ចូលទាំងបុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការឲ្យUN ផងដែរ។
ដោយឡែក អ្នកសម្របសម្រួលកិច្ចការរបស់ UN និងមនុស្សធម៌នៅស៊ីរី លោក Imran Riza បានអះអាងក្នុងលិខិតដែលផ្ញើទៅកាន់បុគ្គលិករបស់លោកថា UN កំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយក្នុងការទទួលបានសម្ភារៈវេជ្ជសាស្ត្រដើម្បីព្យាបាលអ្នកឆ្លងជំងឺ COVID-19 ។ជាក់ស្ដែងកាលពីខែមុន UN បានបង្ហាញសេចក្តីបារម្ភចំពោះការឆ្លងយ៉ាងរហ័សនៅស៊ីរី ខណៈកន្លែងផ្តល់សេវាសុខាភិបាលកំពុងស្ថិតនៅក្រោមសម្ពាធខ្លាំង ហើយមន្ទីរពេទ្យត្រូវខូចខាតដោយសារសង្គ្រាម ឯសម្ភារថ្នាំពេទ្យមានចំនួនកំណត់។
មន្ត្រី UNរូបនេះ បន្ថែមថា ចំនួនករណីឆ្លងCOVID-19 នៅស៊ីរីបានកើនឡើង១០ ដងក្នុងរយៈពេល២ខែចុងក្រោយនេះ ហើយស្ថានភាពជំងឺឆ្លងបានប្រែប្រួលយ៉ាងឆាប់រហ័ស។ បច្ចុប្បន្ននេះ ស៊ីរីមានការឆ្លង៣,១៧១ ករណី និងស្លាប់ចំនួន១៣៤នាក់ តាំងពីរកឃើញករណីដំបូងនៅថ្ងៃទី២៣ មីនា។ ប៉ុន្តែអង្គការមួយចំនួន ពុំសូវជឿទុកចិត្តទិន្ន័យនេះទេ និងសង្ស័យអាជ្ញាធរបានលាក់បំបាំងតួលេខខ្លះ។ អាជ្ញាធរស៊ីរីបានច្រានចោលការចោទប្រកាន់នេះ តែទទួលស្គាល់ការធ្វើតេស្តមានចំនួនកំណត់។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះដោយសារសង្គ្រាមហែកហួរ និងទំនោរនយោបាយផ្ទុយនឹងលោកខាងលិច រដ្ឋាភិបាលស៊ីរីទទួលជំនួយបានត្រឹមតែពីចិន និងរុស្ស៊ីប៉ុណ្ណោះ។ ជាក់ស្តែង ចិនបានផ្តល់ឧបករណ៍ធ្វើតេស្ត២ពាន់សម្រាប់ អាវពាក់ការពារ និងម៉ាស់ដល់រដ្ឋាភិបាលស៊ីរីក្នុងខែមីនា ចំណែករុស្ស៊ីបានផ្តល់សម្ភារខ្លះតាមនាវា។ ចំណែកជំនួយមនុស្សធម៍ដល់ជនស៊ីវិលដែលរងគ្រោះវិញ កាន់តែពិបាកនាំចូលទៅក្នុងប្រទេសនេះ បន្ទាប់ពីរុស្ស៊ីបានទាមទារឲ្យបិទច្រកដឹកជំនួយពីអ៊ីរ៉ាក់ និងតួកគីទៅកាន់ស៊ីរី៕ដោយ៖ស តារា