ក្នុងពេលកំពុងតានតឹងដាក់គ្នានៅតំបន់ព្រំដែន កម្លាំងទាហានឥណ្ឌា បានប្រគល់ឲ្យភាគីចិននូវសត្វគោ១៣ក្បាល ដែលវង្វេងផ្លូវដើរឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីឥណ្ឌា ស្ថិតនៅតំបន់Arunachal Pradesh។
អ្នកនាំពាក្យកម្លាំងទាហានឥណ្ឌាបានឲ្យដឹងថា សត្វគោទីបេបានដើរឆ្លងកាត់ខ្សែបន្ទាត់ព្រំដែន(LAC) តាំងពីថ្ងៃទី៣១ខែសីហា ស្ថិតនៅតំបន់ Arunachal Pradesh ហើយបានប្រគល់ឲ្យភាគីចិនវិញ នៅថ្ងៃទី ៧ខែកញ្ញា ។
តាមការលើកឡើងរបស់អ្នកនាំពាក្យកម្លាំងទាហានចិនបានឲ្យដឹងថា ភាគីចិនបានអរគុណដល់ភាគីឥណ្ឌា ហើយបានសន្យាថា នឹងមិនឲ្យមានករណីបែបនេះកើតឡើងទៀតឡើយក្នុងពេលអនាគត។
រដ្ឋាភិបាលទីក្រុងប៉េកាំងតាំងពីដើមមកបានចាត់ទុកតំបន់ Arunachal Pradesh គឺជាផ្នែកមួយនៃទឹកដីចិនស្ថិតនៅតំបន់ខ្ពង់រាបទីបេ។ ចំណែកភាគីឥណ្ឌាបានបញ្ជាក់ថា តំបន់Arunachal Pradesh ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
ឥណ្ឌានិងចិន មានបន្ទាត់ព្រំដែន LAC មានប្រវែងដល់ទៅ៣៥០០គីឡូម៉ែត្រ។ កាលពីថ្ងៃទី៧ ខែកញ្ញា ឥណ្ឌានិងចិនបានប៉ះទង្គិចគ្នានៅតំបន់ភាគខាងត្បូងដងទន្លេ Pangong Tso ។ ភាគីចិនបានចោទប្រកាន់ទាហានឥណ្ឌាចូលក្នុងទឹកដីរបស់ចិនបំពានកិច្ចព្រមព្រៀង៕
ទាហានឥណ្ឌាប្រគល់សត្វគោ«ឆ្លងដែនខុសច្បាប់»១៣ក្បាលឲ្យភាគីចិន
...