រដ្ឋមន្ត្រីក្រសួងអប់រំផ្តាំផ្ញើសិស្សានុសិស្សឲ្យខិតខំរៀនសូត្រ និងរក្សាការអនាម័យ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ធំ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បាន ដឹកនាំគណៈប្រតិភូ អញ្ជើញចុះពិនិត្យមើលលើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងការសិក្សារបស់សិស្សា នុសិស្សក្នុងខេត្តកំពង់ធំ បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យបើកទ្វារសាលារៀន នៅទូទាំងប្រទេស ឡើងវិញ និងក្រោយការបិទ្វារសាលា អស់រយះជាច្រើនខែ ដោយសារវិបត្តិជំងឺកូវីដ-១៩ ។
ការអញ្ជើញចុះពិនិត្យសាលារៀនមួយចំនួន ដែលបានបើកទ្វារទទួលសិស្ស ឲ្យចូលសិក្សាជាលើក ដំបូង នៅក្នុងដំណាក់កាលទី២ របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានធ្វើឡើងនៅព្រឹក ថ្ងៃទី៨កញ្ញាឆ្នាំ២០២០នេះ នៅវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ លោក តាន់ ប៊ុនហុង បានថ្លែងថា ថ្ងៃនេះគ្រឹះស្ថាន សិក្សាសាធារណៈជិត ៨០០កន្លែងក្នុងខេត្ត នឹងបើកដំណើរការឡើងវិញ ចំណែកគ្រឹះស្ថានសិក្សាសាធា រណៈរបស់រដ្ឋ មានចំនួន ៧៨៩កន្លែង ក្នុងនោះ កម្រិតមត្តេយ្យសិក្សាមាន ២០៧សាលា មានសិស្ស ១០ពាន់ ៥៥៣នាក់ ស្រី ៥ពាន់ ៣០៥នាក់ កម្រិតបឋមសិក្សាមាន ៤៩០សាលា មានសិស្ស ៩ម៉ឺន ៩ពាន់ ៨៥៧នាក់ ស្រី៤ម៉ឺន ៨ពាន់ ៧៣១នាក់ និងកម្រិតមធ្យមសិក្សាមាន ៩២សាលា មានសិស្សរៀន ៤ម៉ឺន ៦ពាន់ ១៣៨នាក់ ស្រី ២ម៉ឺន ៥ពាន់ ៤៥៥នាក់។ លោកបានបន្តថា នៅក្នុងដំណាក់កាលទី២ នៃការបើកសាលា ឲ្យសិស្សចូលរៀនវិញនេះ មន្ទីរបានណែនាំដល់នាយកគ្រប់គ្រងសាលារៀនទាំងអស់ ឲ្យអនុវត្តតាមសេចក្តី ណែនាំរបស់ក្រសួងសុខាភិបាល ស្តីពី គោលការណ៍ប្រតិបត្តិការស្តង់ដារ សម្រាប់ដំណើរការសាលារៀន ឡើងវិញ ក្នុងបរិបថជំងឺកូវីដ-១៩ ដោយតម្រូវឲ្យមានសិស្សក្នុងសាលាតាមវេន និងតាមក្រុមនីមួយៗ មិនលើសពី១៥ ទៅ២០នាក់នោះឡើយ ដើម្បីសុវត្ថិភាពរបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និង ដំណើរការបង្រៀនប្រកបដោយគុណភាព ហើយត្រូវរៀបចំតុសិស្សឲ្យមានគម្លាតឆ្ងាយពីគ្នា ផងដែរ ។
លោក តាន់ ប៊ុនហុង បានបញ្ជាក់ថា នៅគ្រប់សាលារៀនទាំងអស់ ត្រូវមានសម្ភារសម្រាប់ការ ធ្វើអនាម័យ ដូចជា កន្លែងលាងដៃ សាប៊ូ ទឹកអាល់កុល ឬជែល និងម៉ាស ហើយនៅក្នុងបរិវេណសាលារៀន ត្រូវតែសម្អាតបរិស្ថានឲ្យបានស្អាតជានិច្ច។ លោកបញ្ជាក់ទៀតថា នៅតាមសាលារៀននីមួយៗ ត្រូវគោរព តាមស្តង់ដារ sop ( គោលការណ៍ប្រតិបត្តិស្តង់ដារ) ហើយលោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់បង្រៀន សិស្ស ដោយគោរពតាមការណែនាំរបស់ ក្រសួងសុខាភិបាល។ លោកបានអំពាវនាវ ដល់លោកគ្រូ អ្នកគ្រូ មាតា បិតាដែលជាអាណាព្យាបាលសិស្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមសហការធ្វើយ៉ាងណា ឲ្យសាលារៀនបានដំណើរការ ប្រកបដោយសុវត្ថិភាព និងប្រកបដោយគុណភាព ជាពិសេស ត្រូវចូលរួម យកចិត្តទុកដាក់អប់រំកូនចៅ និងត្រូវជួយទំនុកបម្រុងកូនចៅ ដោយរៀបចំឲ្យមានម៉ាស ម្ហូបអាហារ ទឹកស្អាត ព្រោះថា ក្រសួងអប់រំ មិនអនុញ្ញាតឲ្យលក់ចំណីអាហារ ក្នុងសាលារៀនឡើយ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់សិស្សានុសិស្សទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រ ការរក្សាអនាម័យផ្ទាល់ខ្លួន និងត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ត្រូវពាក់ម៉ាស និងការរក្សាគម្លាតពីគ្នា ឲ្យបានជាប្រចាំជានិច្ច ព្រោះត្បិតការសិក្សា នៅក្នុងឆ្នាំ២០១៩-២០២០នេះ សាលានឹងបើកដំណើរការឲ្យ សិក្សា រៀនសូត្រ រហូតដល់ខែធ្នូ ហើយឆ្នាំសិក្សាថ្មី នឹងចាប់បើកដំណើរការ នៅក្នុងខែមករាឆ្នាំ២០២១ ខាងមុខនេះ។ លោកបានបញ្ជាក់ថា ចំពោះសិស្សថ្នាក់ទី៩ និងសិស្សថ្នាក់ទី១២ នឹងត្រូវប្រឡងយក សញ្ញាបត្រ នៅពេលខាងមុខនេះ ។
គួររម្លឹកថា រាជរដ្ឋាភិបាល បានប្រកាសបិទសាលារៀនទាំងអស់នៅទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមីនាឆ្នាំ២០២០ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងជាបន្តបន្ទាប់ ស្តីពីដំណើរការបើកសាលារៀនឡើងវិញ ជា៣ដំណាក់កាល គឺ១-សាលារៀនមានស្តង់ដារសុវត្ថិភាពខ្ពស់ ,២-សាលារៀនមានស្តង់ដារមធ្យម និង៣-សាលារៀនមានស្តង់ដារអប្បបរមា៕ ដោយ៖ សូរិយា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print