អន្តរជាតិ៖ រដ្ឋមន្ត្រីការពារជាតិអុីរ៉ង់ លោក Amir Hatami បានប្រកាសថា កាំជ្រួចមីស៊ីលរបស់ប្រទេសនេះ អាចវាយប្រហារចំគោលដៅរបស់សត្រូវនៅចម្ងាយដល់ទៅជាង១ពាន់គីឡូម៉ែត្រ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន រដ្ឋមន្ត្រីការពារជាតិ Hatami បានបញ្ជាក់ថាកាំជ្រួចមីស៊ីលរបស់កម្លាំងទាហានជើងទឹកប្រទេសនេះ អាចវាយប្រហារចំគោលដៅនៅចម្ងាយជាង១ពាន់គីឡូម៉ែត្រ។ ចំណែកកាំជ្រួចមីស៊ីលដែលបាញ់ចេញពីដីគោកអាចវាយប្រហារចំគោលដៅ នៅចម្ងាយដល់ទៅ១៤០០ គីឡូម៉ែត្រ ។
លោកAmir Hatami បញ្ជាក់ទៀតថា អុីរ៉ង់បានធ្វើជាម្ចាស់ក្នុងការផលិតមីស៊ីលប្រើប្រាស់តាមបច្ចេកវិទ្យារបស់អុីរ៉ង់ផ្ទាល់។ ក្រៅពីនេះរដ្ឋមន្ត្រីការពារជាតិអុីរ៉ង់បានបញ្ជាក់ថា លោកនឹងគាំទ្រសមត្ថភាពបង្កើតកម្មវិធីបរមាណូដើម្បីការពារខ្លួនប្រសិនបើអាមេរិកនៅតែដាក់ទណ្ឌកម្មមកលើអុីរ៉ង់នោះ។
នៅពេលនេះដែរ អុីរ៉ង់បានប្រកាសសាងសង់អគារដ៏ទំនើបនៅតំបន់ភ្នំដើម្បីបម្រើការផលិតម៉ាស៊ីនចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមដ៏ទំនើប។ ការប្រកាសខាងលើរបស់អុីរ៉ង់ ក្រោយពេលទីតាំងរោងចក្រចម្រើនសារធាតុបរមាណូ Natanz រងការវាយប្រហារបណ្តាលឲ្យខូចខាតយ៉ាងខ្លាំង។
សារព័ត៌មាន AP នៅថ្ងៃទី ៨ ខែកញ្ញា បានផ្សាយថា អុីរ៉ង់ចាប់ផ្តើមសាងសង់ទីតាំងដ៏រឹងមាំនៅតំបន់ព្រៃភ្នំដែលអាចទប់ស្កាត់ការវាយប្រហារពីសត្រូវបានយ៉ាងល្អបំផុត៕ដោយ៖ធី រីណា