អន្តរជាតិ៖ បើយោងតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវ Institute for Economics and Peace (IEP) ដែលចេញផ្សាយនៅថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជាក់ថា មនុស្សច្រើនជាង១ពាន់លាននាក់ នឹងត្រូវបម្លាស់ទីនៅឆ្នាំ២០៥០ ។ ដោយសារតែកំណើនប្រជាជនយ៉ាងឆាប់រហ័ស កង្វះខាតទឹកនិងអាហារ និងការប្រឈមមុខកាន់តែខ្លាំងឡើងជាមួយនឹងគ្រោះធម្មជាតិ ជាកត្តាសំខាន់។
យោងតាមរបាយការណ៍របស់ស្ថាប័នស្រាវជ្រាវ Institute for Economics and Peace ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី បានចេញរបាយការណ៍វិភាគដែលមានចំណងជើងថា៖ “Ecological Threat Register “ដែលបង្ហាញពីគ្រោះប្រឈមចំនួន៨ ដែលបណ្តាលមកពីបរិស្ថាន។ មិនតែប៉ុណ្ណោះរបាយការណ៍មួយនេះ ក៏បានបង្ហាញពីប្រទេស នឹងតំបន់ដែលប្រឈមខ្លាំងទៅនឹងគ្រោះមហន្តរាយទាំងនោះផងដែរ ។
បើប្រើប្រាស់ទិន្នន័យពីរបាយការណ៍របស់អង្គការសហប្រជាជាតិ និងទិន្ន័យដទៃផ្សេងទៀត IEP បានវិភាគថា៖ នៅឆ្នាំ២០៥០ខាងមុខនេះប្រជាជនលើពិភពលោកនឹងកើនដល់១០ពាន់លាននាក់។ ដែលកំណើនប្រជាជននេះ នឹងធ្វើឲ្យមានជម្លោះសង្គ្រាម និងការប្រជែងដណ្តើមធនធានធម្មជាតិ នឹងកើនឡើងកាន់តែខ្លាំង ដែលបណ្តាលឲ្យមនុស្ស១,២ពាន់លាននាក់ងាយរងគ្រោះ និងត្រូវបង្ខំចិត្តបម្លាស់ទីពីលំនៅស្ថាននៅឆ្នាំ២០៥០។ ព្រោះនៅឆ្នាំ២០១៩ មានមនុស្សចំនួន៣០លាននាក់បានបម្លាស់ទី ដោយសារជម្លោះសង្គ្រាម និងកត្តាធម្មជាតិផ្សេងៗ។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters បានចេញផ្សាយថា លោក Steve Killelea ស្ថាបនិករបស់ IEP បានលើកឡើងថា៖« ការបម្លាស់ទីនេះមិនត្រឹមតែបណ្តាលឲ្យមានផលប៉ះពាល់សង្គម និងនយោបាយក្នុងប្រទេសកំពុងអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែក៏មានផងដែរចំពោះប្រទេសអភិវឌ្ឍដោយសារតែការបម្លាស់ទីយ៉ាងច្រើនរបស់ជនភៀសខ្លួន»។
បើតាមរបាយការណ៍វិភាគខាងលើ បានបែងចែកការប្រឈមបរិស្ថានជា២ប្រភេទធំៗ គឺអសន្តិសុខស្បៀង កង្វះខាតទឹក និងកំណើនប្រជាជន ហើយនិងគ្រោះធម្មជាតិដែលមាន ទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះត្រូពិក និងការកើនឡើងកម្ពស់ទឹកសមុទ្រ។ របាយការណ៍ដដែរ ក៏បង្ហាញផងដែរ នូវលទ្ធផលវិភាគលើការប្រឈមបរិស្ថាន និងសមត្ថភាពក្នុងការទប់ទល់របស់ប្រទេសចំនួន១៤៧។
លោក Killelea បានលើកឡើងថា ទឹកសាបនៅពេលបច្ចុប្បន្ននេះ មានចំនួន៦០ភាគរយតិចជាងអ្វីដែលធ្លាប់មានកាលពី៥០ឆ្នាំមុន ចំណែកឯតម្រូវការអាហារនឹងកើនឡើង៥០ភាគរយនៅរយៈពេល៣០ឆ្នាំខាងមុខ ហើយមួយផ្នែកធំបណ្ដាលមកពីកំណើនប្រជាជនជីវភាពមធ្យមនៅអាស៊ី ។ ព្រោះជាក់ស្តែង ប្រទេសចិន និងឥណ្ឌា នឹងប្រឈមកង្វះខាតទឹកនៅពេលខាងមុខ។ ចំណែកប្រទេសឯទៀតដូចជាប៉ាគីស្ថាន អ៊ីរ៉ង់ ម៉ូសំប៊ិក កេនយ៉ា និងម៉ាដាហ្កាស្កា នឹងប្រឈមជាមួយគ្រោះធម្មជាតិជាច្រើន ក៏ដូចជាការថមថយសមត្ថភាពក្នុងការទប់ទល់នឹងបញ្ហាប្រឈមធម្មជាតិទាំងនោះ។
គួរបញ្ជាក់ថា កត្តាខាងលើនេះ រួមផ្សំជាមួយនឹងគ្រោះធម្មជាតិដែលនឹងកើតឡើងជាញឹកញាប់ដោយសារបម្រែបម្រួលអាកាសធាតុ អាចបណ្តាលឲ្យប្រទេសដែលមានស្ថិរភាព ក្លាយជាប្រទេសងាយរងគ្រោះផងដែរ។ របាយការណ៍ខាងលើ ក៏បង្ហាញថា អាហ្វហ្កានីស្ថាន ម៉ូសំប៊ិកនិងណាមីប៊ី ជាប្រទេសដែលមានការប្រឈមបរិស្ថានកម្រិតខ្ពស់បំផុត ខណៈកម្ពុជាស្ថិតក្នុងចំណោមមានការប្រឈមបរិស្ថានកម្រិតទាបដែលក្នុងនោះមានគ្រោះទឹកជំនន់៕ដោយ៖ស តារា