ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបនឹងការរាយការណ៍ពីប្រជាពលរដ្ឋចូលក្នុងផេកភ្លាមៗ

ចែករំលែក៖

ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតប ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍ចូលផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តណ្តាល មានខ្លឹមសារថា «អនុញ្ញាតគោរពជំរាបសួរ ខ្ញុំបាទជាប្រជាជនដែលរស់នៅក្នុងភូមិពោង ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ ចង់ជម្រាបសួរថានៅភូមិខ្ញុំបាទ មានករណីបាត់ក្របីទាំងក្រោល ជាញឹកញាប់នៅពេលបច្ចុប្បន្ននេះ ដោយត្រឹមដើមខែសីហារហូតដល់ខែកញ្ញានេះ ប្រជាពលរដ្ឋក្នុងភូមិខ្ញុំ បានបាត់ក្របីចំនួនពីរក្រោល ស្មើនឹង ០៩ក្បាល ។ សូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយពិនិត្យមើលករណីនេះផង ព្រោះប្រជាពលរដ្ឋកំពុងមានការព្រួយបារម្ភខ្លាំងណាស់ »។

ក្រោយពីទទួលបានដំណឹងនេះ ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត អធិការនគរបាលស្រុកមុខកំពូលបានចាត់កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំបូរមាស ធ្វើការស្រាវជ្រាវនិងបានបញ្ជាក់ឲ្យដឹងថា កាលពីថ្មីៗនេះពិនិត្យជាមានករណីចោរកម្មលួចក្របីរបស់ប្រជាពលរដ្ឋចំនួន០២លើកប្រាកដមែន៖

+ករណីទី១: កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ០៥:៣០នាទី បណ្តាលឲ្យបាត់ក្របីចំនួន០៤ក្បាល ក្នុងនោះញី០៣ក្បាល ដែលមានម្ចាស់ឈ្មោះ សុខ សៀប ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរកសិករ នៅភូមិពោង ឃុំសំបូរមាស គាត់បានយកក្របីចូលក្រោលមានចម្ងាយប្រហែល១០០ម៉ែត្រពីផ្ទះរបស់គាត់។
+ករណីទី២: នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៥:៤០នាទី កម្លាំងប៉ុស្ត៍បានទទួលព័ត៌មានតាមទូរសព្ទពីម្ចាស់ក្របីឈ្មោះ អុន សុខជា ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិពោង ឃុំសំបូរមាស ថាគាត់បានបាត់ក្របីចំនួន០៥ក្បាល ញី០៤ក្បាល។

ករណីទាំងពីរខាងលើនេះ បន្ទាប់ពីសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះស្រាវជ្រាវស៊ើបអង្កេត បានសន្និដ្ឋានជាបឋមថាមុខសញ្ញាលួចក្របីនេះប្រហែលជាសកម្មភាពជនសង្ស័យតែមួយក្រុម។

បច្ចុប្បន្ន​កម្លាំងនគរបាលជំនាញពាក់ព័ន្ធកំពុងយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ​ ស៊ើបអង្កេត ដើម្បីច្បាមយក​មុខសញ្ញា​សង្ស័យពាក់ព័ន្ធនឹងអំពេីលួចនេះមកវិនិច្ឆ័យទោសតាមច្បាប់។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសាធារណជនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមេត្តាជ្រាប និងអរគុណសម្រាប់ការសហការផ្តល់ព័ត៌មានក្នុងន័យធ្វើឲ្យសហគមន៍មានសន្តិសុខ សុវត្ថិភាពឲ្យកាន់តែល្អបន្ថែមទៀត។
សូមអរគុណ។

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print