គ្រាន់តែត្រីនាំ​សំណាង​ស្លាប់ ប្រធានាធិបតីប្រទេស​ហ្សំ​ប៊ី ​ចូលរួម​កាន់ទុក្ខ​ជាមួយ​ប្រជាជន​ទូទាំងប្រទេស

ចែករំលែក៖

អន្តរជាតិ៖ ​​ការស្លាប់របស់ត្រី​នាំ​សំណាង​មួយ​ក្បាល​ដែល​រស់នៅក្នុង​ស្រះ​មួយ​ក្នុង​បរិវេណ​សកលវិទ្យា​ល័យ Copperbelt University (CBU) នៃ​ប្រទេស​ហ្សំ​ប៊ី​ អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយនោះ បានក្លាយជា​រឿង​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍ ព្រោះ​សូម្បីតែ​ប្រធានាធិបតីប្រទេសហ្សំ​ប៊ី​លោក Edgar Lungu ក៏បានចូលរួម​កាន់ទុក្ខ​ចំពោះ​ការបាត់បង់​ត្រី​មួយ​ក្បាល​នេះផងដែរ​។

ជាក់ស្តែងនៅ​ដើម​សប្តាហ៍​ខែកញ្ញា ឆ្នាំ២០២០នេះ​ លោក Edgar Lungu ប្រធានាធិបតីប្រទេសហ្សំ​ប៊ី​ បាន​ចូលរួម​កាន់ទុក្ខ​ជាមួយ​ប្រជាជន​ទូទៅ​ ជាពិសេស​ក្រុមនិស្សិត​ចំពោះ​ការស្លាប់​របស់​ត្រី​មួយ​ក្បាល​ដែលពួក​គេ​ចាត់ទុកថា​ជា «​ត្រី​នាំ​សំណាង​»​។ ហេតុផល​ដែល​ធ្វើ​ឲ្យ​ត្រី​នេះ​មាន​កេរ​ឈ្មោះ​ល្បាញ​ល្បី គឺ ជំនឿ​របស់​សិស្ស​និស្សិត​នៃ​សាកលវិទ្យាល័យ CBU​។ ពួកគេ​ភាគច្រើន​ជឿថា​ត្រី​នេះ​នាំមក​នូវ​សំណាងល្អបើសិនជា​ពួកគេ​បួងសួង​សុំ​មុនពេល​ប្រលង​។​ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​អង់គ្លេស BBC ។

​សូមជម្រាបថា ត្រី​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះថា៖ Mafishi ហើយ​សិស្ស​និស្សិត​ដែល​ធ្លាប់​សុំ​សំណាងល្អ​ពេល​ប្រលង​ក៏​នាំគ្នា​រៀបចំ​ពិធីបួងសួង​ឧទ្ទិស​កុសល និង​កាន់ទុក្ខ​ចំពោះ​ត្រី​នេះដែរ​។

តំណាង​ក្រុមនិស្សិត​ម្នាក់ឈ្មោះ Lawrence Kasonde រៀបរាប់ថា Mafishi ដែល​ន័យ​ថា « ត្រី​ធំ​» តាម​ភាសាជាតិ​នោះ​អាចមាន​អាយុ​ប្រហែល ២២ ឆ្នាំ​ ហើយត្រី​នេះ​ក៏បាន​រស់នៅក្នុង​ស្រះ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​អស់​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ​ដែរ​។ លោក Kasonde បាន​បន្ថែមទៀតថា​ «​វា​មិនទាន់​ត្រូវបាន​គេ​បញ្ចុះ​នៅឡើយ​ទេ យើង​កំពុង​រៀបចំ​ចាក់​សារធាតុ​គីមី​ដើម្បី​រក្សា​សាកសព​»​។ចំណែកការស្លាប់​របស់​ត្រី​នេះ​កំពុង​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​នៅឡើយ ដើម្បី​ឈានទៅ​កំណត់​មូលហេតុ​ពិត​នៃ​ការស្លាប់​។​

​បើតាម​សារ​រម្លែក​ទុក្ខ​របស់ប្រធានាធិបតី Lungu បានបង្ហាញ​ភាព​សោកស្តាយ​ចំពោះ​ការស្លាប់​របស់​សត្វ​ត្រី​នេះ ក៏ដូចជា​កោតសរសើរ​សិស្ស​និស្សិត​ហ្សំ​ប៊ី​ដែល​យកចិត្តទុកដាក់​ចំពោះ​សត្វ​ត្រី​នេះដែរ​។​ រីឯការ​កាន់ទុក្ខ​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់ Mafishi ក៏ត្រូវ​បានរៀបចំ​ទូទាំងប្រទេស​។ មិនតែប៉ុណ្ណោះលោកប្រធានាធិបតី​រូបនេះ ​បាន​ដកស្រង់​សម្តី​របស់លោក មហា​ត្មៈ គ​ន្ធី ថា​៖ « ភាព​អស្ចារ្យ​នៃ​ប្រជាជាតិ​មួយ និង​វឌ្ឍនភាព​ខាង​សីលធម៌​ក្នុងសង្គម​មួយ​អាច​ត្រូវបាន​គេ​វិនិច្ឆ័យ​ដោយ​ទង្វើ​របស់​ពួកគេ​ចំពោះ​សត្វ​»​។

​ទាក់ទិននឹងការស្លាប់ត្រីនាំសំណាងមួយនេះ មិន​ត្រឹមតែ​ប្រធានាធិបតី​ប៉ុណ្ណោះ​ទេ​ដែល​កាន់ទុក្ខ សូម្បីតែមេដឹកនាំ​គណបក្សប្រឆាំង​ហ្សំ​ប៊ីHakainde Hichilema ឃើញក៏បាន​ចេញ​សារ​មួយ​បង្ហាញ​ស្មារតី​សាមគ្គីភាព និង​រម្លែក​ទុក្ខ​ចំពោះ​ការស្លាប់​នៃ​ត្រី​នាំ​សំណាង​របស់​សិស្ស​និស្សិត​នៃ​សាកលវិទ្យាល័យ CBC ដូចគ្នា​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print