ប្រពន្ធសម្លាប់ប្ដីដោយដំបងឈើព្រោះខឹងស្រវឹងមិនស្វាង

ចែករំលែក៖

ព្រះវិហារ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ក្រោយសម្លាប់ប្តីខ្លួនឯងដោយដំបងឈើគ្រញូង នៅក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះថា ជនសង្ស័យជាប្រពន្ធមានឈ្មោះ វិន សែន អាយុ៣១ឆ្នាំ មុខរបរ កសិករ។

ចំណែកឯជនរងគ្រោះជាប្តីមានឈ្មោះ ឆេន ធីម អាយុ៣២ឆ្នាំ មុខរបរ កសិកររស់ នៅភូមិឃុំខាងលើ។

មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបន្តថា នៅវេលាម៉ោង ០៨៖៤០នាទី នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីឃាតកម្មមួយកើតឡើងនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត បណ្តាលឱ្យបុរសម្នាក់ស្លាប់ក្នុងថ្លុកឈាម ដោយត្រូវជនសង្ស័យយកដំបងឈើគ្រញូង វាយទៅលើជនរងគ្រោះត្រូវចំចិញ្ចើម បាក់ថ្គាម និងបាក់ដងកាំបិតខាងស្តាំ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានបញ្ជាក់ថា ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីចាប់ខ្លួនជនសង្ស័យ ពេលនោះសមត្ថកិច្ច បានកំណត់គោលដៅច្បាស់លាស់ថា ករណីឃាតកម្មនេះ គឺស្ត្រីជាប្រពន្ធជាអ្នកសម្លាប់ តែសមត្ថកិច្ចធ្វើមិនឱ្យជនសង្ស័យដឹងខ្លួន ដោយទុកឱកាសឱ្យជនសង្ស័យបានធ្វើបុណ្យឱ្យប្តីចប់សព្វគ្រប់សិន។

លោកថា ក្រោយបញ្ចុះសពប្តីរួច ស្ត្រីជាប្រពន្ធត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនភ្លាមៗ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសម្លាប់ប្តីពិតប្រាកដមែន មូលហេតុដោយសារខឹងប្តីតែងតែផឹកស្រា និងប្រើអំពើហិង្សាមកលើខ្លួនជាច្រើនលើកច្រើនសារ រហូតធ្វើឱ្យខ្លួនមានការគុំគួន ថាថ្ងៃណាមួយនឹងសម្លាប់ប្តីឱ្យបាន។

បច្ចុប្បន្ន ស្ត្រីជាជនដៃដល់ និងវត្ថុតាងត្រូវបានកងរាជអាវុធហត្ដស្រុកជាំក្សាន្ត កសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ សូរិយា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print