រថយន្តខេមរភូមិន្ទ​បុកម៉ូតូហុងដាធូដេ ពីក្រោយបណ្តាលឲ្យស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង​បន្ទាប់ពីត្រូវរថយន្តម៉ាកប៉ាជីរ៉ូ​ ពាក់ស្លាកលេខ​ខេមរភូមិន្ទមួយគ្រឿងមកបុកពីក្រោយយ៉ាងពេញទំហឹង នៅវេលាម៉ោង១៩​និង៣០នាទីយប់ថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ​ ត្រង់ចំណុចមុខអាហារដ្ឋាន៨៨៨៨ ស្ថិតក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

​ សមត្ថកិច្ចបានឲ្យដឹងថា​ ភាគីរថយន្តម៉ាក PAJERO SPORT ពណ៌ត្រេអ៉ី ពាក់ស្លាកលេខ ខេមរភូមិន្ទ2 2-6327 ម្ចាស់រថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សុខ សាន្ត ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១០ ផ្លូវលេខ៣៨៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង។ ចំណែកអ្នកបើកបរមានឈ្មោះ វណ្ណ បូរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅក្នុងបុរីប៉េងហួតជ្រោយចង្វា (រត់គេចខ្លួនបាត់) ។ រីឯភាគីម៉ូតូម៉ាកហុងដា ធូដេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HZ-2363 បើកបរដោយឈ្មោះ សឿង សុវ៉ាត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិអន្លូងឈើខ្លាង ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់នៅកន្លែងកើតហេតុ) ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះបានជិះម៉ូតូតាមផ្លូវ៥០ម៉ែត្រ​ ក្នុងទិសដៅពីលិចទៅកើត​ ដោយមានគោលបំណងទៅលេងផ្ទះមិត្តភក្តិរបស់ប្តី ខណៈពេលមកដល់ចំណុចកេីតហេតុខាងលើក៏បានឈប់ម៉ូតូបម្រុងឆ្លងផ្លូវ ស្រាប់តែមានរថយន្ត PAJERO SPORT ខាងលើមកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យស្រ្តីរងគ្រោះស្លាប់ភ្លាមមួយរំពេច។

​ បច្ចុប្បន្ន វត្តុតាងនៃករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានប្រគល់ជូនការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់​ ។ ចំណែក​សពស្ត្រីរងគ្រោះ សមត្ថកិច្ចបានធ្វេីឯកសារប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print