កងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្មកាលពី៥ឆ្នាំមុនទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឃាតកម្ម កាលពី៥ឆ្នាំមុនទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។

មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ សីផារ៉ាដា អាយុ៤០ឆ្នាំ ជាប់ពាក់ព័ន្ធក្នុងករណីរឹតកសម្លាប់បុរសម្នាក់ត្រូវជាមិត្តភក្តិ រួចយកសពទៅបោះចោលនៅក្នុងគំនរសំរាម ក្បែរប្រឡាយទឹកមួយកន្លែង ដើម្បីប្លន់យកទ្រព្យសម្បត្តិរួមមាន រថយន្ដកាមរី១គ្រឿង ទូរស័ព្ទម៉ាកអាយហ្វូនស៊ិចផ្លើសនិងណូគាពីរគ្រឿង ខ្សែកខ្សែដៃនិងចិញ្ចៀនពេជ្រ១ឈុត កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ ត្រូវបានកម្លាំងកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់ខ្លួនរហូតបានសម្រេច ក្រោយពីជនសង្ស័យរូបនេះគេចខ្លួនអស់រយៈពេល៥ឆ្នាំមក។

គួររំលឹកផងដែរថា កាលពី៥ឆ្នាំមុន មានសពជនរងគ្រោះម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងគំនរសំរាមក្បែរប្រឡាយទឹកមួយកន្លែង តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយពុំមានអ្នកស្គាល់អត្តសញ្ញាណ ព្រោះតែសាកសពមានសភាពហើមប្រែខុសរូបដើម។ ក្រោយមកតាមរយៈវិធានការជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកំណត់អត្តសញ្ញាណជនរងគ្រោះបានគឺមានឈ្មោះ ស្រ៊ុន សុភក្ដិ អាយុ ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ហើយបន្ទាប់មក សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនឃាតកជាជនដៃដល់ម្នាក់ឈ្មោះ សោម គឹមស៊ាន បញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់ផងដែរ តែឈ្មោះ សី ផារ៉ាដានេះក្រោយពីដឹងថាបក្ខពួកខ្លួនត្រូវកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួនបាន ក៏គេចខ្លួនបាត់រហូតអស់រយៈពេល៥ឆ្នាំ។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ចមិនដែលបោះបង់ការតាមប្រមាញ់ឃាតកនោះទេ គ្រាន់តែវិធានការតាមប្រមាញ់របស់សមត្ថកិច្ច មិនអាចត្រូវបានយកមកផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកបានឡើយ។ ជាក់ស្តែងជនសង្ស័យដែលគេចខ្លួនអស់រយៈពេល៥ឆ្នាំត្រូវបានកម្លាំងកងរាជអាវុធហត្ថភ្នំពេញស្រាវជ្រាវដឹងថា ទៅសម្ងំលាក់ខ្លួននៅខេត្តតាកែវ ទើបកម្លាំងជំនាញបានសហការជាមួយកងរាជអាវុធហត្ថខេត្តតាកែវដោយស្ងប់ស្ងាត់តាមចាប់ជនល្មើសបានសម្រេច។

ហេតុដូច្នេះហើយទើបសមត្ថកិច្ចកងរាជអាវុធហត្ថភ្នំពេញ បានអំពាវនាវដល់មហាជន សូមមេត្តាកុំវាយស្មៅបង្អើលពស់ កុំគោះទឹកបង្អើលត្រី តាមរយៈការតាំងខ្លួនជាអ្នកឈឺឆ្អាលជួសគ្រួសារជនរងគ្រោះ បង្ហោះសារសួររកឃាតកតាមអារម្មណ៍ផ្ទាល់ខ្លួន និងប្រមាថដល់សមត្ថកិច្ចដែលមិនទាន់អាចស្វែងរកឃាតកឃើញ ដែលប្រការនេះគឺជាការពញ្ញាក់ជនល្មើសឲ្យរឹតតែប្រុងប្រយ័ត្ន រឹតតែសម្ងំពួនកាន់តែស្ងាត់ និងរឹតតែរត់គេចកាន់តែឆ្ងាយ ប៉ះពាល់ដល់ចំណាត់ការរបស់សមត្ថកិច្ចទៅវិញទេ។

ចូរចាំថា កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកទេ ហើយអាជ្ញាយុកាលនៃបទល្មើសឧក្រិដ្ឋមានរយៈពេល១៥ឆ្នាំ បើដរាបណាមិនទាន់ផុតអាជ្ញាយុកាលទេ កុំទាន់ចាត់ទុកថា ជនល្មើសបានរួចខ្លួនឱ្យសោះ ដូច្នេះបើបងប្អូនបានដឹងដំណឹងជនល្មើស សូមចូលរួមសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីអនុវត្តច្បាប់ដោយមិនលើកលែង៕ ដោយ៖ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print