ក្រសួងការបរទេស ប្រកាសលទ្ធផលស្តីពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី១តាមរយៈប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិកលើកទី១ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូ ។

កិច្ចប្រជុំ បានស្វាគមន៍ចំពោះការតម្លើងកម្រិតពីកិច្ចសហប្រតិបត្តិការមួយទសវត្សនៃគំនិតផ្តួចផ្តើមមេគង្គក្រោម ទៅជាភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ដែលនឹងបន្តពង្រឹងតម្លាភាព អភិបាលកិច្ចល្អ ការតភ្ជាប់ សមាហរណកម្មសេដ្ឋកិច្ច ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាព ក្នុងគោលបំណងពង្រឹង និងពង្រីកវិសាលភាព ដើម្បីឆ្លើយតបនឹងបញ្ហាផ្សេងៗ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាពព័ត៌មាន ទូរទស្សន៍កម្ពុជាប៉ុស្តិ៍លេខ៨អេចឌីទទួលបាន។

កិច្ចប្រជុំបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩ និងជួយសម្រួលការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាតនេះត្រូវបានបញ្ចប់។ កិច្ចប្រជុំបានទទួលស្គាល់ពីភាពចាំបាច់សម្រាប់ការទទួលបានដោយគ្មានឧបសគ្គ និងទាន់ពេលវេលានូវឱសថព្យាបាល វ៉ាក់សាំង ការពិគ្រោះពិនិត្យ និងការធ្វើតេស្តរោគវិនិច្ឆ័យ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

នៅក្នុងកិច្ចប្រជុំនៅដែរលោកឧបនាយករដ្ឋមន្រ្តី បានចែករំលែកនូវទស្សនៈដូចជា ៖ (១) ភាពជាដៃគូនាពេលអនាគត គួរកសាងដោយផ្អែកលើយន្តការដែលមានប្រសិទ្ធភាព និងឆ្លងកាត់បទពិសោធន៍ ដើម្បីពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការតាមរយៈកម្មវិធីជាក់លាក់ ឬផែនការសកម្មភាពជាក់ស្តែង ដែលអាចផ្តល់នូវលទ្ធផលរូបី និងមានឥទ្ធិពលសម្រាប់តំបន់ និងប្រជាជន (២) ដោយទាញយកអត្ថប្រយោជន៍ពីភាពជាដៃគូថាមពលជប៉ុន-អាមេរិក-មេគង្គ តាមរយៈការជំរុញថាមពលនៅក្នុងតំបន់ប្រកបដោយតម្លៃសមរម្យ អាចប្រើប្រាស់ និងពឹងផ្អែកបាន គំនិតផ្តួចផ្តើមនេះនឹងនាំមកនូវតម្លៃដ៏សំខាន់ និងបំពេញបន្ថែមទៀតទៅដល់ភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក និង (៣) ក្នុងនាមជាសហប្រធានជាមួយអាមេរិក នៅឆ្នាំ២០២១ កម្ពុជាប្តេជ្ញាចិត្តជំរុញភាពជាដៃគូនេះឱ្យកាន់តែរឹងមាំថែមទៀត ដោយឈរលើស្មារតីនៃការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក។

កិច្ចប្រជុំ បានអនុម័តលើសេចក្តីប្រកាសរួមរបស់រដ្ឋមន្រ្តីការបរទេសនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក និងបានឯកភាពគ្នាលើឯកសារមូលដ្ឋានគ្រឹះនៃភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ៕ ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print