លោក សក់ សេដ្ឋា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ នាយទាហាន និងពលទាហាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយឯក យឿន សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាព ទី៣ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ នាយ ពលទាហាន ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកអភិបាលខេត្តព្រះសីហនុ លោអភិបាលខេត្តតាកែវ លោក អភិបាលខេត្តកណ្ដាល លោកអភិបាលខេត្តកំពត លោកអភិបាលខេត្តកោះកុង លោក លោកស្រីគណៈប្រតិភូប្រតិភូក្រសួងមហាផ្ទៃ និងសមាជិកសមាជិកាជាច្រើនរូបទៀត។

ក្នុងឱកាសសំណេះសំណាលនេះដែរ លោក សក់ សេដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខ ទុក្ខ ពី សំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រ កម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ច កាលបានគិតគូរចំពោះសុខទុក្ខ និងការរស់ នៅ របស់នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់នៃកងកម្លាំងប្រដាប់អាវុធរបស់យើងនៅគ្រប់ទីកន្លែង។

ជាមួយគ្នានេះ លោកក៏បានសម្តែងនូវការកោតសរសើខ្ពស់ ចំពោះ ស្មារតីតស៊ូ អង់អាច ក្លាហាន ប្រកបដោយវីរៈភាព របស់នាយទាហាន នាយទាហានរង ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុ ការពារមាតុភូមិ ការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមអភិវឌ្ឍ ប្រទេសជាតិរបស់យើងឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក៏បានធ្វើការផ្តាំផ្ញើដល់ នាយទាហានទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព សំខាន់ចូលរួមក្នុងការបង្ការទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមថ្មី (COVID-19) ដែលបង្កឡើងដោយវីរុសកូរ៉ូណា និងគ្រុនឈីក ដោយសូមឱ្យបងប្អូនចេះធ្វើអនាម័យឱ្យបានជាប្រចាំនៅក្នុងក្រុមគ្រួសារ គឺត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយលាងសម្អាតដៃនឹងសាប៊ូជាមួយទឹកស្អាតអាល់កុល ឬជែល និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះដែរ លោក សក់ សេដ្ឋា សូមជូនពរដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ សូមប្រកបដោយពុទ្ធពរ និងជ័យទាំង ៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូ ក៏មាននាំយកនូវថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហានផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print