សមត្ថកិច្ចអំពាវនាវឱ្យជនបង្កចូលខ្លួន ព្រោះស្គាល់ភិនភាគនិងស្លាកលេខឡានហើយ ខណៈបានបុកក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ស្លាប់

ចែករំលែក៖

ខេត្តកណ្តាល៖ សមត្ថកិច្ចបានអំពាវនាវឱ្យជនបង្កចូលខ្លួនជាបន្ទាន់ ព្រោះសមត្ថកិច្ចបានស្គាល់ភិនភាគនិងស្លាកលេខរថយន្តបង្កហើយ ខណៈរថយន្តមួយគ្រឿងនេះ បានបោះពួយយ៉ាងលឿនមកបុកក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ស្លាប់ពេលកំពុងដើរឆ្លងផ្លូវ ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨ៈ៣០នាទីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៩លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ច អះអាងថា ករណីនេះគ្រួសារនៃសពមិនចង់ប្ដឹងផ្ដល់ឡើយសុំឱ្យម្ចាស់ឡានចូលខ្លួនមកដោះស្រាយលើថ្លៃធ្វើបុណ្យឱ្យកូនខ្លួន ខណៈរថយន្តបង្កត្រូវបានមានគេថតរូបភាពនិងស្លាកលេខបានហើយ ។

សមត្ថកិច្ចបន្តថា មានរថយន្តមិនស្គាល់អត្តសញ្ញាណ ដែលបើកក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ។ ពេលបើកមកដល់កន្លែងកើតហេតុ បានបុកជាមួយមនុស្សកំពុងដើរឈ្មោះបុន ពិនយ៉ាង ភេទប្រុស អាយុ១១ឆ្នាំ មានទីលំនៅភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលដើរលើផ្លូវថ្នល់ ក្នុងទិសដៅពីកើតទៅលិច បណ្តាលឱ្យស្លាប់ភ្លាម ហើយរថយន្តបង្កបានបើកគេចមកភ្នំពេញ ។

សមត្ថកិច្ច សន្និដ្ឋានថា ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តធ្វេសប្រហែស បើកក្នុងល្បឿនលឿនមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ ។

ឆ្លើយតបនឹងករណីនេះផងដែរ លោកអធិការស្រុកកៀនស្វាយ សំណូមពរឱ្យភាគីបង្កចូលខ្លួនមកដោះស្រាយជាបន្ទាន់ព្រោះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ
តាមរយៈរូបភាពដែលប្រជាពលរដ្ឋបានរាយការណ៍មកហើយ ៕ ដោយ៖ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print