ព្រឹកនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម និងក្រុមគ្រួសារ អញ្ជើញដាក់បិណ្ឌនៅវត្តចំនួន៦ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីរាជការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដាក់បិណ្ឌរួមគ្នានៅវត្តចំនួន៦ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកទេសរដ្ឋមន្ត្រី គន់ គីម និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីក្រោមឱវាទ ដែលជាមានជំនឿ និងសទ្ធាមុតមាំក្នុងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋនោះ ក៏មិនខុសពីប្រជាពុទ្ធបរិស័ទដទៃទៀតនោះដែរ។ ក្នុងឱកាសអញ្ជើញទៅដាក់បិណ្ឌនេះ បាននាំយកចង្ហាន់ ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ សូត្រមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធរបស់បុព្វការីជន បន្ទាប់មកក៏បានអញ្ជើញរាប់បាត្រ។

មនុញ្ញផល និងកុសលផលបុណ្យកើតចេញពីកម្លាំងសទ្ធាជ្រះថ្លានៅការធ្វើបុណ្យនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារីខ្មែរ ដែលបានពលិកម្មក្នុងបុព្វហេតុជាតិមាតុភូមិក្នុងគ្រាប្រទេសជាតិមានសង្គ្រាម ឱ្យបានទៅកាន់សុគតិភពផងដែរ។
សូមជម្រាបថា៖ បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃ១រោច ដល់ ១៥រោច ខែភទ្របទ ជាពិធីបុណ្យប្រវេណីព្រះពុទ្ធសាសនាដ៏ធំរបស់ខ្មែរ។ ក្នុងចំណោមប្រទេសកាន់ព្រះពុទ្ធសាសនាមហាយាន មានតែខ្មែរប៉ុណ្ណោះមានប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

ប្រជាពលរដ្ឋខ្មែរដែលជាអ្នកមានជំនឿលើព្រះពុទ្ធសាសនា បានចាត់ទុកការធ្វើបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាការជួយផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃក្នុងរដូវភ្លៀងធ្លាក់ និងទ្រទ្រង់ដល់វិស័យព្រះពុទ្ធសាសនាផងដែរ។ បន្ថែមពីលើនោះ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ខ្មែរមានជំនឿក្នុងព្រះពុទ្ធសាសនា ក៏ជឿផងដែរថា ជាឱកាសក្នុងឧទ្ទិសកុសលផលបុណ្យជូនដល់ជីដូនជីតា និងបុព្វការីជនរបស់ខ្លួន ដែលបានធ្វើមរណកាល៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print