កម្ពុជា-ឥណ្ឌា គ្រោងបង្កើតជើងហោះហើរត្រង់ ដើម្បីបង្កើនចំនួនទេសចរនិងពង្រីកទំហំពាណិជ្ជកម្មឱ្យកាន់តែប្រសើរឡើងថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ ផ្អែកលើទំនាក់ទំនងការទូតកាន់តែរឹងមាំ និងកំណើន នៃទំហំពាណិជ្ជកម្ម ទេសចរណ៍ នាឆ្នាំកន្លងទៅ មានភាពល្អប្រសើរគួរឱ្យកត់សម្គាល់នោះ ប្រទេសទាំងពី កម្ពុជា ឥណ្ឌា គ្រោងគិតគូរបង្កើតឱ្យមានជើងហោះហើរត្រង់ ទៅវិញទៅមក ដើម្បីបន្តពង្រីកទំហំពាណិជ្ជកម្ម និងទេសចរណ៍ឱ្យកាន់តែរឹងមាំ និងកើនឡើងថែមទៀត។

នេះបើតាមការថ្លែង នៅក្នុងជំនួបពិភាក្សាគ្នា រវាង លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងពេលទទួលជួបលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសចប់អាណត្តិបេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងការបរទេស ។​

បើតាម លោក កុយ គួង អ្នកនាំពាក្សក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបនោះថា ភាគីទាំងពីបានជជែកគ្នាអំពី លទ្ធផលដែលសម្រេចបាននៅក្នុងអាណត្តិបំពេញការទូតរបស់លោកស្រីនៅកម្ពុជា និង បានថ្លែងអំណរគុណដល់គ្នាទៅវិញទៅមក ពេលកន្លងទៅបានជួយជ្រោមជ្រែងគ្នា ទាំងស្មារតី សម្ភារៈ បច្ចេកទេស បទពិសោធន៍ និងថវិកា ទាំងក្នុងផែនការពង្រឹងកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ និងទិសដៅបន្តសម្រាប់ធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត ទាំងក្នុងកម្រិតទ្វេភាគី និងអន្តរជាតិ ដូចដែលបានធ្វើរួចមកហើយ ក្នុងគាំទ្រគ្នានៅលើឆាកអន្តរជាតិ។

អ្នកនាំពាក្សបន្តថា កន្លងមកភាគីទាំងពីកម្ពុជា ឥណ្ឌាបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសពី ជាពិសេសលើវិស័យយោធា ដែលឥណ្ឌាបានផ្តល់ជំនួយផ្នែកបច្ចេកទេស ក្នុងការដោះមីននិងសម្ភារៈសម្រាប់បោសសំអាតមីនជាដើម។បន្ថែមពីនេះក៏មានកិច្ចព្រមព្រៀងជាច្រើនទៀតលើវិស័យវប្បធម៌ ទេសចរណ៍និងជំនួយផ្លូវច្បាប់ផ្សេងៗនិងត្រៀមចុះហត្ថលេខាលើសន្ធិសញ្ញាផ្សេងៗបន្ថែមទៀត។

ជាកិច្ចឆ្លើយតប លោកស្រី Manika Jain បានសម្តែងនូវការកោតសរសើរលើវិស័យសុខាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩ នេះ ធ្វើឱ្យមន្រ្តីស្ថានទូត និង ប្រជាជនឥណ្ឌដែលរស់នៅក្នុងប្រទេសកម្ពុជា មានសុវត្ថិភាព ក្នុងការធ្វើដំណើរ រស់នៅប្រកបការងារ និងបំពេញមុខជំនួញនានាផងដែរ។យ៉ាងណាភាគីទាំងពីបានពិភាក្សាគ្នា អំពីយន្តការ នៃការពង្រីកទំនាក់ទំនងទ្វេភាគី តាមរយៈការបង្កើតគណៈកម្មការចម្រុះ ទៅជាកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស និងយន្តការអន្តរជាតិផ្សេងៗទៀត ក្នុងតំបន់ ដើម្បីធ្វើឱ្យមានទំនាក់ទំនងកាន់តែជិតស្និតរវាងឥណ្ឌានិងអាស៊ាន ក៏ដូចជាជាមួយប្រទេសកម្ពុជា ៕  ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print