លោក សាយ សំអាល់ ជួបសំណេះសំណាល និងសួរសុខទុក្ខកងទ័ពនៃយោធភូមិភាគទី១ ស្ថិតនៅទីបញ្ជាការដ្ឋានខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននៃយោធភូមិភាគទី១ កងយោធពលខេមរភូមិន្ទ ស្ថិតនៅទីបញ្ជាការដ្ឋានខេត្តស្ទឹងត្រែង កាលពីថ្ងៃ ថ្ងៃពុធ ១៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលបាន លះបង់គ្រប់បែបយ៉ាងដើម្បីការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និងដែលបានផ្តល់នូវសុខសន្តិភាពនិងធ្វើការអភិវឌ្ឍន៍ប្រទេសឱ្យសម្បូររុសងរឿង។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានលើកឡើងផងដែរពីប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ដែលយកចិត្តទុកដាក់ខ្ពស់ និងជាប្រចាំចំពោះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងបំពេញបេសកកម្ម ការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនប្រជាជន និងជំរុញឱ្យប្រទេសជាតិមានការរីកចម្រើន។

សូមបញ្ជាក់ថា អង្គភាពខាងលើបានចងសម្ព័ន្ធភាពជាមួយក្រសួងបរិស្ថាន ហើយតែងបានទទួលការ ជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈជាបន្តបន្ទាប់ តាមរយៈប្រតិភូក្រសួងបរិស្ថាន និងដៃគូ ដោយបានមកសួរសុខទុក្ខកងទ័ពជួរមុខរបស់យើងជាប់ជាប្រចាំជាពិសេសក្នុងរដូវបុណ្យប្រពៃណីជាតិធំៗ។

នៅក្នុងឱកាសនេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រតិភូ បាននាំយកគ្រឿងឧបភោគបរិភោគ ភេសជ្ជៈជាច្រើន និងថវិកាមួយចំនួន រួមជាមួយម៉ូតូចំនួន៤គ្រឿង ចែកជូនកងយោធពលខេមរភូមិន្ទ នៃយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ក្នុងឱកាសអបអរសាទរពិធីភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print