អន្តរជាតិ៖ អុីរ៉ង់បានប្តឹងអាមេរិកឡើងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដោយសារតែអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាបរមាណូ ហើយអុីរ៉ង់ចាត់ទុកថាជាការបំពានសន្ធិសញ្ញាដែលបានចុះហត្ថលេខាកាលពីឆ្នាំ១៩៥៥។
ជាមួយគ្នានេះដែរ អុីរ៉ង់កំពុងប្រឈមមុខជាមួយអាមេរិកនៅក្នុងតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ក្រោយពេលប្រធានាធិបតីដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសអុីរ៉ង់។ ភាគីទាំងពីរនឹងជួបគ្នាផ្ទាល់នៅតុលាការអន្តរជាតិ ។
រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ បានប្តឹងទីក្រុងវ៉ាស៊ីនតោនឡើងទៅកាន់តុលាការអន្តរជាតិ(ICJ)តាំងពីឆ្នាំ២០១៨ ក្រោយអាមេរិកដកកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ ហើយបន្តដាក់ទណ្ឌកម្មទៅលើប្រទេសនេះទៀត។ សកម្មភាពរបស់អាមេរិកគឺជាការបំពានសន្ធិសញ្ញាដែលបានចុះហត្ថលេខាកាលពីឆ្នាំ១៩៥៥។ អាមេរិក និងអុីរ៉ង់ប្រឈមមុខតានតឹងក្រោយបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ នៅឆ្នាំ១៩៧៩ បានធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរប្រឈមមុខតានតឹងមកទល់ពេលនេះ។
អុីរ៉ង់ទទួលបានជ័យជម្នះនៅក្នុងសវនាការរបស់តុលាការICJ លើកដំបូងនៅខែតុលាឆ្នាំ២០១៨។ពេលនោះ ICJចេញសាលក្រមឲ្យអាមេរិកបន្ថយការដាក់ទណ្ឌកម្មទៅលើប្រទេសអុីរ៉ង់៕
ដោយ៖ធី រីណា