ភ្នំពេញ ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌព្រែកព្នៅ បានផ្ដល់អំណោយ មួយចំនួនដល់ប្រជាពលរដ្ឋក្រីក្រនិងពិការ ចំនួន៨៤នាក់ នៅសាលាខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពីលោក សុខ សម្បត្តិ ប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងលោក ជាខេម៉ា ប្រធានអនុសាខា ព្រមទាំងសមាជិក សមាជិកាអនុសាខាជាច្រើនរូបទៀត នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកសុខ សម្បតិ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា បានខិតខំយកចិត្តទុកដាក់ បំផុតចំពោះសុខទុក្ខ ប្រជាពលរដ្ឋពិសេសគឺនៅពេលដែលបងប្អូនជួបគ្រោះអាសន្ន ឧបទ្ទវហេតុ ឬ គ្រោះធម្មជាតិផ្សេងៗ ដើម្បីជួយសម្រាលការលំបាករបស់បងប្អូន។ ជាក់ស្ដែងក្នុងឱកាស ដែលពិភពលោកទទួលរងនូវការរីករាលដាលនៃជម្ងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូននូវប្រាក់ប្រចាំខែ តាមរយៈបណ្ណសមធ៌ម ដើម្បីជួយសម្រាលបន្ទុករបងប្អូន ។ជាមួយនេះ អាជ្ញាធរថ្នាក់ខណ្ឌ សង្កាត់ ក៏មិននៅស្ងៀមដែរ គឺខិតខំស្វះស្វែងរកជំនួយបន្ថែមពីសប្បុរសជននានាដើម្បីជួយគាំទ្រការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
លោកបន្ដថាកន្លងមក អនុសាខាកាកបាទក្រហមខណ្ឌ បាននាំយកជាបន្ដបន្ទាប់នូវគ្រឿងសម្ភារៈបរិក្ខារ ដែលជាអំណោយរបស់កាកបាទ ក្រហមកម្ពុជា អំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា និងអំណោយរបស់សប្បុរសជនជាច្រើនទៀត ផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានជាបន្ដបន្ទាប់។
លោកបានលើកឡើងទៀតថា ទោះជាស្ថានភាពទូទៅនៃសេដ្ឋកិច្ចជាតិមានការរីកចំរើនក៏ដោយ តែក៏នៅមានប្រជាពលរដ្ឋ១ចំនួនតូចនៅជួបការលំបាកខ្វះខាត ដែរគឺចៀសមិនផុតឡើយ។ដូចនេះហើយបានជាប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោនាយករដ្ឋមន្ដ្រី តែងតែជម្រុញឲ្យមន្ដ្រីថ្នាក់ក្រោម ពិនិត្យមើលឲ្យបានជាប់លាប់ពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលខ្លួនគ្រប់គ្រង ដើម្បីជួយពួកគាត់ឲ្យបានទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបានអំពាវនាវសូមឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភជុំបិណ្ឌនេះ សូមផ្អាកសកម្មភាពប្រមូលផ្ដុំគ្នាគ្រប់រូបភាពបើមិនចាំបាច់ និងសូមអនុវត្តទៅតាមវិធានការការពារជម្ងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល ដើម្បីផលប្រយោជន៍បងប្អូន ក្រុមគ្រួសារ និងផលប្រយោជន៍សង្គមជាតិទាំងមូល។ ព្រោះថាជម្ងឺនេះបង្កឲ្យមាន គ្រោះថ្នាក់ខ្លាំងដល់សង្គមជាតិ ដោយអាចឆកយកជីវិតមនុស្សច្រើនឥតគណនា ដែលយើងមិនអាចនឹកស្មានដល់។ជាក់ស្ដែងនៅបណ្ដាប្រទេសជឿនលឿន១ចំនួន ដូចជានៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅទ្វីបអឺរ៉ុប និងប្រទេសឥណ្ឌ ជាដើម កំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរ។ សូមបញ្ជាក់ថា អំណោយដែលចែកជូនប្រជាពលរដ្ឋ នាពេលនោះចំនួន៨៤នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម, មី១កេះ និងថវិកា ចំនួន២ម៉ឺនរៀល៕ ដោយ៖ព្រែកសំរោង