អ្នកជំនាញចិន អះអាងថា៖ វ៉ាក់សាំង COVID-19 “អាចនឹងរួចរាល់សម្រាប់ការប្រើប្រាស់ ជាសាធារណៈនៅក្នុងខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ”

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់ម្នាក់មកពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង (CDC) របស់ប្រទេសចិន បានអះអាងថា៖ វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍដោយក្រុមអ្នកវិទ្យាសាស្រ្តចិន អាចនឹងរួចរាល់សម្រាប់ការប្រើប្រាស់ជាសាធារណៈ នៅកំឡុងខែវិច្ឆិកាខាងមុខនេះ។

ប្រធានក្រុមអ្នកជំនាញសុវត្ថិភាពជីវសាស្ត្រនៃ CDC លោកស្រី គួយជិន វូ (Guizhen Wu) បានធ្វើការបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋចិន កាលពីថ្ងៃចន្ទទី១៤ ខែកញ្ញាម្សិលមិញនេះថា៖ និងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីអង្គការសុខភាពពិភពលោក WHO បានទទួលស្គាល់ថា ខ្លួនកំពុងធ្វើការជាមួយចិន លើលក្ខខណ្ឌទទួលស្គាល់វ៉ាក់សាំងចិនជាលក្ខណៈអន្តរជាតិ។ បន្ថែមពីនេះលោកស្រី Wu បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើតេស្ដលើមនុស្សក្នុងដំណាក់កាល់ទី បានដំណើរការទៅយ៉ាងរលូន ហើយវ៉ាក់សាំងអាចនឹងរួចរាល់សម្រាប់ការប្រើប្រាស់ ជាសាធារណៈនៅក្នុងខែវិច្ឆិកា ឬខែធ្នូខាងមុខនេះ»

យ៉ាងណាមិញ លោកស្រី Guizhen Wu ដែលធ្លាប់បានចូលរួមក្នុងការធ្វើតេស្ដវ៉ាក់សាំងនេះដែរនោះ មិនបានបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុនចិនមួយណាឱ្យប្រាកដនោះទេ។ ខណៈដែលរដ្ឋាភិបាលចិន មានវ៉ាក់សាំង COVID-19 ចំនួន ០៤ កំពុងស្ថិតនៅក្នុងដំណាក់កាលទី នៃការធ្វើតេស្ដ ហើយក្នុងចំណោមវ៉ាក់សាំងទាំងនេះទៀតសោតមាន ០៣ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់រួចហើយលើបុគ្គលិកចិន ដែលឈរនៅសមរភូមិមុខប្រយុទ្ធប្រឆាំងនឹង COVID-19 ក្រោមកម្មវិធីបន្ទាន់មួយ កាលពីខែកក្កដាកន្លងទៅ។

សូមជម្រាបថា វ៉ាក់សាំងទាំង ៤ខាងលើនេះ មាន៣ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនចិនស៊ីយណូផាម (Sinopharm) និងក្រុមហ៊ុន ស៊ីណូវ៉ាក់ បាយអូធិច (Sinovac Biotech) និងមួយទៀត ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន ខេនស៊ីណូ បាយអូឡូជីក (CanSino Biologics) ដែលទទួលបានការអនុញ្ញាតពីយោធាចិន កាលពីខែកក្កដា។

ដោយឡែកក្រុមហ៊ុនចិន Sinopharm កាលពីខែកក្កដាកន្លងទៅ ក៏បានអះអាងថា វ៉ាក់សាំងរបស់ខ្លួនអាចនឹងរួចរាល់ សម្រាប់ការប្រើប្រាស់នៅចុងឆ្នាំ២០២០នេះ បន្ទាប់ពីបញ្ចប់ការធ្វើតេស្ដដំណាក់កាលទី ៣៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print