យោធាកូរ៉េខាងជើង ហាត់សមដើម្បីធ្វើព្យុហយាត្រាអបអរថ្ងៃខួបកំណើតបក្សពលករលើកទី៧៥ នឹងធ្វើឡើងនៅខែតុលាខាងមុខ

ចែករំលែក៖

អន្តរជាតិ៖ បើតាមរូបភាពដែលថតចេញពីផ្កាយរណបដែលផ្សាយដោយស្ថាប័នស្រាវជ្រាវមួយរបស់អាមេរិកកាលពីថ្ងៃទី២ ខែកញ្ញាកន្លងទៅបានបង្ហាញថា៖ យោធាកូរ៉េខាងជើង អមដោយរថពាសដែក និងរថយន្តយោធាជាច្រើនមុខ កំពុងហាត់សមដើម្បីចូលរួមក្នុងព្យុហយាត្រាអបអរថ្ងៃកំណើតបក្សពលករ ដែលជាបក្សកាន់អំណាច។ ខណៈដែលខួបកំណើតបក្សពលករលើកទី៧៥ នឹងធ្វើឡើងនៅខែតុលាខាងមុខហើយទំនងជាត្រូវរៀបចំក្នុងទ្រង់ទ្រាយធំផងដែរ។

បើតាមវេបសាយ 38 North ដែលជំនាញខាងកិច្ចការកូរ៉េខាងជើងវិញ ក៏បានបង្ហោះរូបភាព កងទ័ពកូរ៉េខាងជើង និងរថយន្តយោធា បានហ្វឹកហាត់ជាក្បួននៅឯមូលដ្ឋានយោធា Mirim ជាយរដ្ឋធានីព្យុងយ៉ាងកាលពីថ្ងៃទី៣១ ខែសីហាកន្លងទៅ។ ព្រោះMirim ជាកន្លែងយោធាកូរ៉េខាងជើង ប្រមូលផ្ដុំហាត់សម សម្រាប់កម្មវិធីព្យុហយាត្រាក្នុងពិធីធំៗនានាដែលតែងធ្វើនៅទីលាន គីម អ៊ីលស៊ុង

របាយការណ៍របស់ 38 North ដែលបន្តថា រូបភាពផ្កាយរណបខាងលើ ជាព័ស្តុតាងបង្ហាញពីការហ្វឹកហាត់ត្រៀមកម្មវិធីដ៏ធំមួយនេះ។ហើយ«កូរ៉េខាងជើង ត្រូវបានរំពឹងថា នឹងរៀបចំក្បូនព្យុហយាត្រាយោធានៅថ្ងៃទី១០ ខែតុលាដើម្បីអបអរខួបទី៧៥ការបង្កើតបក្សពលករកូរ៉េ។» សូមជម្រាបថា កូរ៉េខាងជើងតែងប្រារព្ធកម្មវិធីរំឭកពិធីសំខាន់ៗដូចជាថ្ងៃកំណើតលោក គីម អ៊ីលស៊ុង ឬថ្ងៃបង្កើតបក្សជាដើមក្នុងទម្រង់អធិកអធមនៅឆ្នាំគត់ ឬឆ្នាំដែលមានកន្ទុយ៥។

ដោយឡែកសម្រាប់ខួបទី៧៥នៅឆ្នាំ២០២០នេះ ត្រូវបានគេរំពឹងថា កម្មវិធីនឹងនៅតែធ្វើឡើងធំដុំដូចពេលកន្លងទៅ បើទោះជាកូរ៉េខាងជើងមានបញ្ហាប្រឈមដូចជា៖ ការវាយប្រហារដោយទឹកជំនន់ និងការគំរាមរបស់ជំងឺ COVID-19 ក្ដី។ ជាក់ស្តែងរហូតមកទល់ពេលនេះកូរ៉េខាងជើង មិនទាន់ករណីឆ្លងសូម្បីមួយនៅឡើយ តែវិធានការតឹងរ៉ឹងដូចជាការបិទព្រំដែនជាដើមនោះ បន្តអនុវត្តដដែល។ ការទប់ស្កាត់ជំងឺឆ្លងនេះ ក៏នាំដល់ការពន្យារពេលហាត់សមសម្រាប់កម្មវិធីខែតុលាផងដែរ។

ជុំវិញបញ្ហាខាងលើនេះដែរ ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា កូរ៉េខាងជើង ក៏បានសាងសង់រោងប្រមាណ១០០ ដែលទំនងជាកន្លែងរក្សារថយន្តយោធាផងដែរនៅឯបន្ទាយ Mirim យ៉ាងណាមិញ ស្ថាប័នស្រាវជ្រាវខាងលើ ក៏មិនអាចបញ្ជាក់បានថា ខាងក្នុងរោងទាំងនោះជាអ្វីឲ្យប្រាកដនោះឡើយ។ ប៉ុន្តែជាធម្មតា កូរ៉េខាងជើងតែងប្រើប្រាស់ព្យុហយាត្រាយោធាដើម្បីសម្ញែងសព្វាវុធរបស់ខ្លួន។

គួរបញ្ជាក់ថា ក្រោយឆ្នាំ២០១៨ ពេលដែលកូរ៉េខាងជើងកំពុងមានទំនាក់ទំនងល្អជាមួយអាមេរិក និងកូរ៉េខាងត្បូងនោះ រដ្ឋកុម្មុយនីស្តមួយនេះមិនបានបញ្ចេញសាច់ដុំខ្លាំងក្លាឡើយ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print