សារព័ត៌មានAP បានផ្សាយថា នៅថ្ងៃទី១៧ ខែកញ្ញា មានអ្នកទោសជាង២០០នាក់បានហែកគុក នៅក្នុងមន្ទីរឃុំឃាំងMoroto ប្រទេសអ៊ុយហ្គង់ដា(Uganda)។ ដើម្បីបញ្ចៀសការចាប់ខ្លួន និងចំណាំបានអ្នកទោសដែលហែកគុក បានដោះសម្លៀកបំពាក់អ្នកទោសមានពណ៌លឿងចោលទាំងអស់ ។
ប៉ូលិសបានឲ្យដឹងថា អ្នកដឹកនាំក្នុងការហែកគុកបានសម្រុកចូលឃ្លាំងអាវុធ ហើយក្រោយមកក៏បានវាយប្រហារទៅលើឆ្មាំយាមល្បាត រួចនាំគ្នារត់ចេញតែម្តង។ តាមតួលេខជាបឋម មានមនុស្ស៣នាក់ស្លាប់ ក្នុងនោះមានទាហានម្នាក់និងអ្នកទោស២នាក់។ អ្នកស្លាប់ទាំង៣នាក់គឺបានប៉ះទង្គិចគ្នាដោយអាវុធ ។
សរុបមានអ្នកទោសដល់ទៅ ២១៩នាក់បានរត់ចេញពីគុក ហើយពេលនេះមន្ត្រីអ៊ុយហ្គង់ដា កំពុងតែខិតខំស្វែងរកចាប់ខ្លួនមកវិញ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា«ក្រុមអ្នកទោសមានគ្នាច្រើនប្រដាប់ដោយអាវុធ បានវាយប្រហារទៅលើទាហានយាមទ្វារ ហើយពេលចេញដល់ខាងក្រៅពួកគេដោះសម្លៀកបំពាក់ចេញទាំងអស់ រួចរត់គេចខ្លួនបាត់ទៅ។
សូមបញ្ជាក់ថា អ្នកទោសភាគច្រើនមានបទល្មើសលួចប្លន់សត្វចិញ្ចឹមនៅក្នុងតំបន់តែប៉ុណ្ណោះ ។ ក្រុមអ្នកទោសដែលហែកគុករត់បានសំដៅទៅជើងភ្នំMoroto ដែលមិនមានមនុស្សរស់នៅ។ មន្ត្រីក្នុងតំបន់បានស្នើដល់ពលរដ្ឋ ប្រសិនបើ ឃើញអ្នកសង្ស័យត្រូវផ្តល់ព័ត៌មាន ដល់កម្លាំងសន្តិសុខភ្លាម៕
ដោយ៖ ធី រីណា