ភ្នំពេញ៖ នៅវេលាម៉ោង០២:៤០ នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានករណីភ្លើងឆាបឆេះសម្ភារក្នុងទូរកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួតត្រែនស្តារ ស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមរបាយការណ៍ដែលផ្តល់ដោយកងពន្លត់អគ្គិភ័យ៧១១ កងពលតូចលេខ៧០ បានឱ្យដឹងថា មូលហេតុនៃអគ្គិភ័យមកពីការឆ្លងចរន្តអគ្គិសនី បណ្តាលផ្ទុះឆាបឆេះសម្ភារ និងរាលដាលដល់កន្លែងផ្សេង ធ្វើឱ្យខូចខាតដល់ទូកុងតឺន័រសរុបចំនួន៣ ប៉ុន្តែមិនបណ្តាលឱ្យ បុគ្គលិកណាម្នាក់រងរបួសនោះទេ។
ក្រោយទទួលបានដំណឹងពីហេតុការណ៍ភ្លើងឆាបឆេះនេះ ក្រុមពន្លត់អគ្គិភ័យរបស់ កងពលតូចលេខ៧០ បានចុះអន្តរាគមន៍ជួយពន្លត់ទាំងស្រុងនៅវេលាម៉ោង០៤:០៩នាទីព្រឹកថ្ងៃដដែល។
ក្នុងហេតុការណ៍នេះដែរ ត្រូវបានគេរាយការណ៍ថា ឡានទឹករបស់ក្រុមពន្លត់អគ្គិភ័យ៧១១ កងពលតូចលេខ៧០ បានជួយអន្តរាគមន៍ពន្លត់ ដោយប្រើកម្លាំងចំនួន១២នាក់ និងរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន០១ឡានចំណុះ៨,០០០លីត្រ៕
ដោយ៖ សិលា