ប្រទេសជប៉ុន៖ ប្រភពពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញាឆ្នាំ២០២០ បានផ្សាយពីជីវប្រវត្តិសង្ខេបនាយករដ្ឋមន្ត្រីជប៉ុនថ្មី លោក Suga Yoshihide ដែលមានដូចការបញ្ជាក់ដូចខាងក្រោម៖
-ជីវប្រវត្តិសង្ខេបរបស់លោក Suga Yoshihide៖
-លោក Suga កើតនៅឆ្នាំ១៩៤៨ ហើយបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យហូសេ (Hosei University) នៅឆ្នាំ១៩៧៣ និងទទួលបានបរិញ្ញាបត្រផ្នែកច្បាប់។
-លោក Suga បានរៀបការជាមួយលោក ម៉ារិកុ (Mariko Suga) និងមានកូនបីនាក់។
-លោក Suga ជាអ្នកស្រុករស់នៅខេត្តអាគីតា (Akita Prefecture) និងធ្លាប់បម្រើការជាលេខានៃសមាជិកសភាអស់រយៈពេល ១១ ឆ្នាំ។ នៅឆ្នាំ១៩៨៧ លោក Suga ត្រូវបានគេបោះឆ្នោតជ្រើសតាំងជា សមាជិកក្រុមប្រឹក្សានៃទីក្រុងយ៉ូកូហាម៉ា (Yokohama) និងទទួលបានកៅអីតំណាងរាស្រ្តនៅឆ្នាំ១៩៩៦។
-លោក Suga ធ្លាប់បម្រើការជារដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ និងជារដ្ឋមន្ត្រីឯកជនភាវូបនីយកម្ម នៃសេវាប្រៃសណីយ៍ជប៉ុន ចាប់ពីខែកញ្ញា ឆ្នាំ២០០៦ ដល់ខែសីហា ឆ្នាំ២០០៧ នៅក្នុងគណៈរដ្ឋមន្ត្រីដំបូងបង្អស់របស់លោក អាបេ ដែលបានបញ្ចប់កាលខែកញ្ញា ឆ្នាំ ២០០៧។
-នៅខែតុលា ឆ្នាំ២០១១ លោក Suga ត្រូវបានតែងតាំងជាប្រធានរៀបចំយុទ្ធនាការ នៃទីស្នាក់ការកណ្តាលរបស់គណបក្ស LDP ហើយក្រោយមកទៀតនៅខែកញ្ញា ឆ្នាំ២០១២ លោកត្រូវបានតែងតាំងជា អគ្គលេខាធិការស្តីទីរបស់គណបក្ស LDP។
-លោក Suga ត្រូវបានតែងតាំងជាប្រធានលេខាធិការនៃគណៈរដ្ឋមន្រ្តី នៅខែធ្នូ ឆ្នាំ២០១២ នៅពេលដែលលោក អាបេ បានក្លាយជានាយករដ្ឋមន្ត្រីសាជាថ្មី។ លោក Suga បានក្លាយជាប្រធានលេខាធិការ នៃខុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រី ដែលកាន់ដំណែងយូរជាងគេបំផុត នៅក្នុងប្រវត្តិសាស្រ្តជប៉ុន។
-នៅខែកញ្ញា ឆ្នាំ២០១៤ ក្រៅពីតួនាទីជាប្រធានលេខាធិការនៃគណៈរដ្ឋមន្ត្រីលោក Suga ក៏បានបម្រើការជារដ្ឋមន្ត្រីទទួលបន្ទុក កាត់បន្ថយផលប៉ះពាល់នៃមូលដ្ឋានទ័ព នៅលើកោះអូគីណាវ៉ាផងដែរ។
-នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ លោក Suga បានប្រកាសឈ្មោះរជ្ជកាលថ្មីរបស់ជប៉ុនគឺ រៃវ៉ា (Reiwa) មុនព្រះរាជពិធីសោយរាជ្យសម្បត្តិជាផ្លូវការ របស់ព្រះចៅអធិរាជជប៉ុនថ្មី ណារុហ៊ីតុ (Naruhito) ដែលបានធ្វើឲ្យលោកទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់សាធារណជនជប៉ុនទូទៅ។
-ក្នុងនាមជាមនុស្សជំនិតរបស់លោក អាបេ លោក Suga តែងតែបង្ហាញមុខជាសាធារណៈ តំណាងឲ្យរដ្ឋបាលរបស់លោក អាបេ និងបានដើរតួនាទីសម្របសម្រួលពីក្រោយ ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា នៅក្នុងសម្ព័ន្ធភាពនៃគណបក្សកាន់អំណាច។
សូមជម្រាបថា៖ លោក Suga Yoshihide ត្រូវបានសភាតំណាងរាស្ត្រជប៉ុន (សភាជាន់ទាប) បោះឆ្នោតគាំទ្របន្ទាប់ពីលោក ត្រូវបានគណបក្សកាន់អំណាច (LDP) ដែលមានសំឡេងភាគច្រើនស្រាប់ក្នុងសភានោះ បោះឆ្នោតគាំទ្រឲ្យឡើងជាប្រធានថ្មីរបស់គណបក្សនេះ ហើយជាទម្លាប់ប្រធានគណបក្សកាន់អំណាច តែងតែត្រូវបានជ្រើសតាំង ឲ្យធ្វើជានាយករដ្ឋមន្ត្រី៕
ប្រភព៖ សុីនហួរ