ក្រុមការពារតំណែងជើងឯក Flamengo នឹងគ្មានអ្នកចាំទី Diego Alvesដែលរងរបួសសម្រាប់ការប្រកួត Copa Libertadores របស់ពួកគេដែលត្រូវប្រកួតជាមួយក្រុម Independiente del Valle និង Barcelona de Guayaquil នៅទឹកដីអេក្វាឌ័រ។
Flamengo បាននិយាយនៅលើបណ្តាញសង្គម Twitter ថា កីឡាករវ័យ៣៥ឆ្នាំរូបនេះមិនបានធ្វើដំណើរជាមួយមិត្តរួមក្រុមរបស់គាត់ទៅកាន់កីឡដ្ឋាន Andean ទេបន្ទាប់ពីខកខានមិនបានជាសះស្បើយពីរបួសស្មារបស់គាត់។
អវត្តមានរបស់គាត់ទំនងជាផ្តល់ឱកាសមួយទៀតសម្រាប់អ្នកចាំទី Cesar Dutra ដែលបានជំនួស Alves ពេលប្រកួតចាញ់ ២-០ លើក្រុម Cearaក្នុងជើងឯក Serie A របស់ប្រេស៊ីលកាលពីថ្ងៃអាទិត្យ។ Flamengo នឹងជួបប្រកួតជាមួយក្រុម Independiente del Valle នៅថ្ងៃព្រហស្បតិ៍ និងប៉ះក្រុម Barcelona de Guayaquil នៅ៥ថ្ងៃក្រោយ។
Flamengo បានឈ្នះការប្រកួតបើកឆាករបស់ពួកគេចំនួន២ប្រកួតនៅអាមេរិកខាងត្បូងមុនពេលត្រូវផ្អាកនៅខែមីនាដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩។ បច្ចុប្បន្នពួកគេស្ថិតនៅចំណាត់ថ្នាក់លេខ២ក្នុងពូល A នៅពីក្រោយក្រុម Independiente del Valle ។
Alves ដែលបានជាប់ជម្រើសជាតិចំនួន១០ដងសម្រាប់ក្រុមជម្រើសជាតិប្រេស៊ីលបានចូលរួមជាមួយក្រុម Flamengo ក្នុងឆ្នាំ២០១៧ បន្ទាប់ពីបញ្ចប់ការប្រកបអាជីពរយៈពេល៦ឆ្នាំរបស់គាត់ជាមួយក្រុមអេស្ប៉ាញ Valencia ៕ដោយ៖ភារៈ