រថយន្ត Lexus RX300 បេីកលឿនមិនគោរពភ្លើងចរាចរណ៍ ទៅបុករថយន្ត TUNDRA បណ្តាលឲ្យខ្ទាតបោកផ្ទប់បង្គោលភ្លើង និងប្រអប់ភ្លើង​រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីវេលាម៉ោងប្រមាណ១២រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២០​ មាននារីម្នាក់បើករថយន្ត LEXUS RX300 ក្នុងល្បឿនលឿន មិនគោរពភ្លើងស្តុបបានជ្រុលទៅបុករថយន្ត TUNDRA ដែលបើកបរដោយបុរសបរទេសម្នាក់កំពុងបើកឆ្លងកាត់ផ្លូវបំបែកជាបួនលើផ្លូវលេខ១៣៥ កែងផ្លូវលេខ៤៥៦ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន​ បណ្ដាលឲ្យរថយន្ត TUNDRA ខ្ទាតបោកផ្ទប់នឹងបង្គោលភ្លើងនិងប្រអប់ភ្លើងរងការខូចខាតយ៉ាងដំណំ​ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យបានដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាក​ TOYOYA TUNDRA​ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2T-4953 បើកបរដោយបុរសបរទេសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ កែងផ្លូវលេខ៤៥៦ ខណៈរថយន្តកំពុងបើកឆ្លងកាត់ផ្លូវបំបែកជាបួន​ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកឡិចស៉ីស (LEXUS RX300) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-8782 បើកបរដោយនារីម្នាក់មិនស្គាល់អត្តសញ្ញាណ​ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៤៥៦ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងបំពានភ្លើងស្តុបក៏ជ្រុលទៅបុករថយន្ត TUNDRA ចំពីចំហៀងកង់ខាងស្ដាំផ្នែកខាងក្រោយ បណ្ដាលឲ្យរថយន្តប៉ើងខ្ទាតទៅបុកផ្ទប់ប្រអប់បញ្ជាចរន្តអគ្គិសនី និងកាប៊ីនភ្លើង បណ្ដាលឲ្យបាក់បែកខ្ទាតជិត៥ម៉ែត្រ រាយប៉ាយពេញថ្នល់​ ចំណែករថយន្ត LEXUS RX300 និងរថយន្ត TUNDRA បានរងការខូចខាតយ៉ាងដំណំដូចគ្នា តែមិនបណ្ដាលឲ្យមនុស្សរងរបួសទេ។

​ ក្នុងហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកកន្លែងកើតហេតុ​ ដោយមានតំណាងទាំងសងខាងចុះមកសម្របសម្រួលគ្នាផងដែរតែមិនត្រូវ​គ្នា​ ទេីបសមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញចរាចរណ៍ធ្វេីការវាស់វែង និងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់។

​ សូមបញ្ចាក់ផងដែរថា​ ការដាច់ចរន្តអគ្គិសនីនិងប្រអប់បញ្ជាចរន្តភ្លេីងដែលខូចខាតនោះ ត្រូវបានក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា EDC កំពុងចុះធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនីឲ្យអតិថិជន ឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញផងដែរ​ ៕​ ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print