រហូតមកដល់ម៉ោងជាង៣រសៀលហើយ អគ្គិភ័យឆេះឃ្លាំងដាក់សម្ភាររបស់រោងចក្រជ្រលក់កំណាត់នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ មិនទាន់រលត់នៅឡើយ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បើតាមការអះអាងពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលបានបញ្ជាក់នៅវេលាម៉ោង៣រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះថា ករណីអគ្គិភ័យដែលបានឆាបឆេះទីតាំងអគារឃ្លាំងដាក់សម្ភារ នៃរោងចក្រលីន
ស័រតិចថាយ៍ (ជ្រលក់កំណាត់) ក្រុមទី៣៥ ភូមិ៣ទំនប់រលក ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០នេះ មកដល់ពេលនេះមិនទាន់រលត់នៅឡើយទេ ។

លោកជួន ណារិន្ទ បានបញ្ជាក់ទៀតថា បច្ចុប្បន្នរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងរបស់ស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត ,កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចេញធ្វើអន្តរាគមន៍ពន្លត់ភ្លាមៗផងដែរ ។ ប៉ុន្តែដោយសារតែក្នុងរោងចក្រនោះ មានអំបោះ កំណាត់ច្រើនទើបពិបាកក្នុងការពន្លត់ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្ថែមថា សមត្ថកិច្ចកំពុងសហការគ្នាបាញ់ពន្លត់ភ្លើងនៅកន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមការដឹកនាំពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ៕ដោយ៖ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print