ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋ ពិសេសពលរដ្ឋដែលរស់នៅតាមតំបន់ដងអូរ និងដងស្ទឹងទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយសារតែរយៈពេលចុងក្រោយនេះ ទឹកភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅតំបន់ភ្នំ ដែលជាតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងប៉ៃលិន ធ្វើឱ្យតំបន់វាលទំនាបនានា និងទឹកស្ទឹងប៉ៃលិនមានទឹកឡើងរហូតដល់កម្ពស់១.៨ម៉ែត្រ។ នេះជាសារអំពាវនាវរបស់អាជ្ញាធរខេត្តប៉ៃលិន បានចេញសេចក្តីប្រកាសព័ត៌មាន មួយក្រើនរំលឹកពីក្តីព្រួយបារម្មណ៍នេះ។
ខណៈជាធម្មតាទឹកស្ទឹងខាងលើនេះទឹកមានកម្ពស់ត្រឹមតែ០.៥ម៉ែត្រប៉ុណ្ណោះ ដូចនេះប្រជាពលរដ្ឋចាំបាច់ត្រូវត្រៀមលក្ខណៈជាមុន ជៀសវាងប្រការគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងជាយថាហេតុ។ ទាំងអ្នកមកកម្សាន្ត និងអ្នកនេសាទជាដើម។
សូមបញ្ជាក់ថា នេះជាលើកដំបូងហើយនៅក្នុងរដូវវស្សា ដែលបានបង្កឱ្យទឹកភ្លៀងហូរចាក់ខ្លាំងជាប់ៗគ្នាចូលតំបន់ទំនាប ធ្វើឱ្យស្ទឹងប៉ៃលិនមានជំនន់ហក់ឡើងយ៉ាងគំហុក ចាប់តាំងពីថ្ងៃបុណ្យភ្ជុំបិណ្ឌមក។
សូមរម្លឹកថា៖ ក្នុងរដូវភ្ជុំបិណ្ឌ ខេត្តប៉ៃលិន និងខេត្តបាត់ដំបង មានភ្ញៀវទេសចរណ៍ច្រើនមកកម្សាន្ត ខណៈមានតំបន់ទេសចរណ៍ច្រើន ទាំងរមណីយដ្ឋានធម្មជាតិ ប្រសាទបុរាណ ទឹកធ្លាក់ ចំការ តំបន់កម្សានកែច្នៃ ។ល។ ជាដើម៕
ដោយ៖ សិលា