ភ្នំពេញ៖ បច្ចុប្បន្ននេះយើងសង្កេតឃើញថា មនុស្សពេញវ័យមួយចំនួន បានសម្រេចជ្រើសរើសគូជីវិតរបស់ខ្លួន ដោយអ្នកខ្លះអាយុម្ភៃឆ្នាំមិនទាន់ក៏ការ ចំណែកអ្នកខ្លះទៀតអាយុជាងសាមឆ្នាំទៅហើយ នៅមិនទាន់រៀបការទៀត តែរឿងអាយុរៀបការនេះមិនសំខាន់ឡើយ អ្វីដែលសំខាន់នោះគឺ តើអ្នកមានទំនួលខុសត្រូវទៅលើជីវិតគូបានកម្រិតណា? ហើយអ្នកអាចប្រើប្រាស់ជីវិតគូរបស់អ្នកបានល្អប៉ុនណា? ។ប៉ុន្តែអ្នកខ្លះ រៀបការវ័យក្មេងពេក ក៏លែងលះលឿនដែរ នេះក៏ព្រោះតែរៀបការទាំងខ្វះភាពម្ចាស់ការ ខ្វះទំនួលខុសត្រូវលើខ្លួនឯង និងដៃគូរបស់ខ្លួនផងដែរ។
តោះបើចង់ដឹងច្បាស់ សូមអានអត្ថបទលំអិតទាំងអស់គ្នាដូចខាងក្រោម៖
បើតាមពិតទៅ អាយុអាចគ្រាន់តែជាតួលេខ តែបើអ្នករៀបការនៅអាយុតិចពេកក៏វាមិនល្អដែរ ព្រោះវាប្រឈមជាមួយនឹងការបែកបាក់ អាយុតិច ការគិតក៏រាក់ ភាពអត់ធ្មត់ក៏តិច ការតស៊ូក៏មិនសូវមានដែរ ដូចនេះ ជីវិតគូរបស់អ្នកក៏នឹងងាយប្រេះស្រាំដូចគ្នា។
ដោយឡែកសម្រាប់អ្នកដែលមានអាយុកាន់តែច្រើន សម្រាប់ការដឹង និងយល់ពីជីវិតក៏កាន់តែកើនឡើងដែរ កាលណាអ្នកឆ្លងកាត់ជីវិតរស់នៅម្នាក់ឯងបានកាន់តែច្រើន អ្នកក៏នឹងយល់ពីបញ្ហានៃជីវិតគូបានច្រើនដូចគ្នា មានការអត់ធ្មត់ក៏ខ្ពស់ ការតស៊ូ ការគិតក៏វែងឆ្ងាយ។
ដូច្នេះកុំប្រញាប់រៀបការព្រោះតែខ្លាចគេថាយើងនៅព្រៅ គ្មានអ្នកណាយក សុខចិត្តរៀបការយឺត សំខាន់ឱ្យតែរើសបានមនុស្សល្អ បានជួបដៃគូជីវិតដែលសមប្រកប។ ហើយកុំខ្លាចគេថាយើងចាស់ទើបរៀបការ សំខាន់ យើងចេះប្រើជីវិត យើងមានមុខរបរ មានការងារ អាចរកចំណូលមកផ្គត់ផ្គង់គ្រួសារយើងបាន អាចដឹងពីភាពរាក់ជ្រៅ ក្ដៅត្រជាក់នៃជីវិតគូ យើងចិត្តធ្ងន់ អាចអត់ធន់ អត់ធ្មត់បានគ្រប់រឿង ដូចនេះជីវិតគូរបស់យើង ក៏នឹងមានក្ដីសុខ សុភមង្គល មិនងាយប៉ះពាល់ មិនងាយបែកបាក់ឡើយ៕ដោយ៖សហការី