ភ្នំពេញ៖ យោងតាមប្រភពពីបុរាណាចារ្យបានឱ្យដឹងថា៖ ក្រុមល្ខោនព្រះរាជទ្រព្យ នាដើមរជ្ជកាលព្រះបាទស៊ីសុវត្ថិ ប្រកបដោយភាពសម្បូរបែប គ្រឿងប្រដាប់សម្លៀកបំពាក់ គ្រឿងពាក់សិរសា សុទ្ធសឹងតែត្រូវបាន ធ្វើឡើងដោយប្រណិតភាព និងមានសោភ័ណគួរជាទីគាប់ភ្នែក ដែលបង្ហាញពីសារៈសំខាន់និងភាពរីកចម្រើនរុងរឿងនៃវប្បធម៌ខ្មែរ ក៏ដូចជាទម្រង់សិល្បៈរបាំ តាំងតែអំពីសម័យបុរាណកាល។
រូបភាពទាំងនេះត្រូវបានថតដោយលោក Pierre Dieulefils អ្នកថតរូបជនជាតិបារាំងដ៏ល្បីល្បាញមួយរូបដែលបានមកធ្វើការក្នុងតំបន់ ឥណ្ឌូចិនរវាងដើមសតវត្សទី២០។ ក្រៅពីថតរូបលោកក៏ជាអ្នកបោះពុម្ភ Postcard ផងដែរ។ រូបថតដែលមានលក្ខណៈជា postcard មានត្រាក្រហម និងមានលេខរៀង ដែលយើងឃើញមានចែកចាយក្នុងបណ្តាញសង្គមសព្វថ្ងៃនេះ ភាគច្រើនគឺជាស្នាដៃរបស់លោក។
ល្ខោនព្រះករុណា ល្ខោនហ្លួង ជាពាក្យដែលនិយមប្រើប្រាស់ក្នុងរជ្ជកាលព្រះបាទនរោត្តម នឹងបន្តប្រើប្រាស់រៀងដល់សម័យក្រោយៗទៀត។
ចំណែកពាក្យ ល្ខោនព្រះរាជទ្រព្យ ឃើញលេចឡើងនៅរជ្ជកាលព្រះបាទស៊ីសុវត្ថិ៕
ដោយ៖ សិលា