សារព័ត៌មានCNN បានផ្សាយថា ក្រុម FBI អាមេរិក បានបើកការស្រាវជ្រាវជាទ្រង់ទ្រាយធំក្រោយរកឃើញកញ្ចប់ទំនិញផ្ញើទៅកាន់ប្រធានាធិបតីដូណាល់ ត្រាំ មានសារធាតុ ricin ដែលជាសារធាតុគីមីជីវសាស្ត្រមានកម្រិតគ្រោះថ្នាក់ខ្ពស់។
សារព័ត៌មានCNN បានដកស្រង់ប្រភពព័ត៌មានសន្តិសុខពីរផ្សេងគ្នា នៅថ្ងៃទី១៩ខែកញ្ញាហើយបានបញ្ជាក់ថា ភ្នាក់ងាស៊ើបការណ៍សម្ងាត់អាមេរិក FBI បានរក្សាទុកកញ្ចប់ទំនិញផ្ញើទៅកាន់សេតវិមាន កាលពីដើមសប្តាហ៍កន្លងមក មានផ្ទុកសារធាតុពុលកម្រិតខ្ពស់ ricin ។
សារធាតុ ricin ក្នុងកញ្ចប់ទំនិញ ត្រូវបានបញ្ជាក់ពីក្រុមជំនាញពីរផ្សេងគ្នា ។ សារព័ត៌មាន CNNបានផ្សាយថា មុនពេលផ្ញើចូលទៅកាន់សេតវិមាន រាល់វត្ថុទាំងអស់ទាំងលិខិត គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យ យ៉ាងល្អិតល្អន់ពីក្រុមជំនាញនៅខាងក្រៅសេតវិមានជាមុន។
សារព័ត៌មានNew York Times បានផ្សាយថា កញ្ចប់ទំនិញខាងលើបានផ្ញើពីប្រទេសកាណាដា។ នៅពេលនេះដែរ ក្រុមFBIបានប្រកាសថា មិនមានផលប៉ះពាល់ឬគំរាមកំហែងដល់សន្តិសុខនោះឡើយ។
សារធាតុគីមី ជីវសាស្ត្រ Ricin មានកម្រិតពុលខ្ពស់ តែងតែត្រូវបានក្រុមភេរវកម្មប្រើប្រាស់ក្នុងការវាយប្រហារសម្លាប់មនុស្សជាច្រើន ។ កាលពីខែតុលាឆ្នាំ២០១៨ សារធាតុជិីវសាស្ត្រ Ricinត្រូវបានគេរកឃើញក្នុងកញ្ចប់ទំនិញ ផ្ញើទៅកាន់ក្រសួងការពារជាតិអាមេរិកផងដែរ៕