បុរសពីរនាក់និងស្ត្រីពីរនាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ធ្លាក់យន្តហោះធុនតូចនៅជិតអាកាសយានដ្ឋាន Hilltop Lakes ចម្ងាយពីទីក្រុង Houston ២០០គីឡូម៉ែត្រនៅភាគខាងជើង។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងនៅវេលាម៉ោង១១ថ្ងៃទី២០ខែកញ្ញា។
សារព័ត៌មានស៊ីនហួបានផ្សាយថា កាលពីថ្ងៃទី ២០ខែកញ្ញា យន្តហោះធុនតូចមួយគ្រឿងបានធ្លាក់នៅរដ្ឋតិចសាស់ អាមេរិក សម្លាប់មនុស្ស ៤នាក់ នៅនឹងកន្លែង។
មន្ត្រីក្នុងរដ្ឋតិចសាស់បានឲ្យដឹងថា យន្តហោះសំណាងអាក្រក់ខាងលើ ព្យាយាមចុះចតបន្ទាន់មុនពេលហេតុការណ៍កើតឡើង។
តាមគម្រោងហោះហើរ យន្តហោះខាងលើបានចាកចេញពីតំបន់Horseshoe នៅវេលាម៉ោង១០ព្រឹក ឆ្ពោះទៅកាន់ Natchitoches រដ្ឋ Louisiana។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យធ្លាក់នៅឡើយទេ។
កាលពី២ខែមុន រដ្ឋតិចសាស់ ក៏មានករណីធ្លាក់យន្តហោះធុនតូចមួយគ្រឿងនៅតំបន់ Dallas បណ្តាលឲ្យមនុស្ស១០នាក់ស្លាប់ដែរ៕