លោកហ៊ុន ម៉ានី និងលោកហង្ស​ជួន ណារ៉ុន ចុះពិនិត្យមើលដំណើរការបើកសាលារៀនដំណាក់កាលទី២នៅវិទ្យាល័យបាក់ទូក

ចែករំលែក៖

ភ្នំពេញ៖លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា រួមនឹងសហការី បានអញ្ជើញចុះពិនិត្យដំណើរការបើកសាលារៀនឡើងវិញក្នុងដំណាក់កាលទី២ នៅវិទ្យាល័យបាក់ទូក ជាមួយនឹង បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងឱកាសចុះជួបដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួង មន្ទីរអប់រំ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យបាក់ទូក លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធលើវិស័យអប់រំទាំងអស់ ចំពោះការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការសហការ និងចូលរួមអនុវត្តការងារស្របតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡានាពេលកន្លងមក។

បើទោះជាការអនុវត្តផែនការដែលក្រសួងបានដាក់ចេញអាចជួបការលំបាក ប៉ុន្តែគណៈកម្មការទី៧ សូមលើកទឹកចិត្តឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សទាំងអស់បន្តការយោគយល់ និងសហការយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួង និងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីធានាបានថា ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញនេះ អាចប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏បានបន្តថាគណៈកម្មការទី៧ នឹងនៅបន្តតាមដាន ពិភាក្សារួមគ្នា ក្តាប់គ្រប់ជ្រុងនៃបញ្ហា ចុះពិនិត្យក្នុងមូលដ្ឋានជាក់ស្តែង ដើម្បីលើកទឹកចិត្ត គាំទ្រ និងផ្តល់យោបល់ ជាធាតុចូលបន្ថែមក្នុងការបំពេញការងារ និងដោះស្រាយនូវបញ្ហាទាំងឡាយដែលស្ថិតក្នុងសមត្ថកិច្ចរបស់គណៈកម្មការ៕

ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print