ប្រជាពលរដ្ឋ ទទួលបានការណែនាំ របៀបចិញ្ចឹមជ្រូកតាមបច្ចេកទេសថ្មី ពី មន្ត្រីជំនាញ ដែលទទួលផលចំណេញ ជាងមុនទាំងពេលវេលា និងថវិកា

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជា ទទួលបានការណែនាំពីរបៀបចិញ្ចឹមជ្រូកតាមបច្ចេកទេសថ្មី ពីមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលនឹងទទួលផលចំណេញជាងមុនទាំងពេលវេលា និងថវិកា ។
លោក សៀង សុខលីម ប្រធាននាយកដ្ឋានផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រាប់ឱ្យដឹងថា មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅទូទាំងប្រទេស បាន ណែនាំដល់ប្រជាកសិករ ពីបច្ចេកទេសកសិកម្មថ្មីធន់ទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជាជំនួយ ដល់ពួកគាត់ឱ្យចិញ្ចឹមជ្រូកទៅតាមតម្រូវទីផ្សារវិញ ។
លោកបន្តថា ក្រោយពីរាជរដ្ឋាភិបាលបានកាត់បន្ថយការនាំចូលសត្វ ពីក្រៅប្រទេសហើយជំរុញឱ្យប្រជាកសិករបង្កើនការចិញ្ចឹមសត្វក្នុងស្រុកនោះ បានធ្វើឱ្យការចិញ្ចឹមសត្វនៅក្នុងស្រុកមានការកើនឡើង។ ជាក់ស្តែងដូចជាការចិញ្ចឹមជ្រូក របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស កំពុងតែមានការកើនឡើង ដែលរួមចំណែក លើកកម្ពស់ជីវភាពជូនពួកគាត់។
លោកបញ្ជាក់ថា ទស្សនៈឥរិយាបថនៃការចិញ្ចឹមបានផ្លាស់ប្ដូរ បន្តិចម្ដងៗជាក់ស្តែងរហូតមកដល់ពេលនេះ ឃើញថាការចិញ្ចឹមជ្រូក បានអភិវឌ្ឍយ៉ាងខ្លាំង ដោយកែប្រែការចិញ្ចឹមជាលក្ខណៈគ្រួសារមកពាណិជ្ជកម្មទាំងបច្ចេកទេស ទាំងសម្ភារចិញ្ចឹម គុណភាពផលិតភាព ពូជជ្រូកផ្សេងៗ មិនចាញ់ប្រទេសជឿនលឿននិងប្រទេសជិតខាង។
លោក គឹម ស្រ៊ុន ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល បានឱ្យដឹងថា ក្រសួងកសិកម្ម និងសមាគមអ្នកចិញ្ចឹមសត្វទូទាំងប្រទេស បានផ្តល់បច្ចេកទេស ក្នុងការចិញ្ចឹមសត្វក្នុងស្រុក ដល់ពួកគាត់ ដើម្បីកាត់បន្ថយការនាំសត្វចូល និង ជួយរកទីផ្សារឱ្យប្រជាកសិករផងដែរ។
សូមបញ្ជាក់ថា កាលឆ្នាំ២០១៥ ការចិញ្ចឹមជ្រូកលក្ខណៈពាណិជ្ជកម្ម មានតែ១៥% ប៉ុណ្ណោះ ខណៈការចិញ្ចឹមលក្ខណៈគ្រួសារ មានរហូតដល់៨៥ %។ ប៉ុន្តែបច្ចុប្បន្ន ការចិញ្ចឹមលក្ខណៈគ្រួសារ បានថយចុះនៅត្រឹមតែ៤៣% ខណៈការចិញ្ចឹមលក្ខណៈពាណិជ្ជកម្មបានកើនឡើងរហូតដល់ទៅ ៥៧% ៕
ប្រភព៖ ពីក្រសួងព័ត៌មាន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print