ប៉ូលិសកាណាដាបានបើកការស្រាវជ្រាវ ក្រោយពេលអាមេរិក រកឃើញស្រោមសំបុត្រផ្ញើទៅកាន់សេតវិមានអាមេរិកមានផ្ទុកជាតិគីមីពុល។ ក្រោយការស្រាវជ្រាវប៉ូលិសកាណាណា បានបញ្ជាក់ថា មានស្រោមសំបុត្រដល់ទៅ៦ផ្ទុកសារធាតុគីមី ricin ផ្ញើទៅកាន់សេតវិមានអាមេរិក។
នៅថ្ងៃទី២០ ខែកញ្ញា ប៉ូលិសកាណាដាបានបញ្ជាក់ថា បានឆែកឆេរផ្ទះនៅជាយក្រុងMontreal ដោយមានស្ត្រីម្នាក់ត្រូវបានចាប់ខ្លួន ដោយជាប់ពាក់ព័ន្ធនិឹងការផ្ញើសំបុត្រមានសារធាតុ ricin ទៅកាន់សេតវិមាន និងទីតាំង៥ផ្សេងទៀតនៅរដ្ឋតិចសាស់អាមេរិក។
លោកCharles Poirier មន្ត្រីប៉ូលិសកាណាដាបានឲ្យដឹងថា «សរុបមានសំបុត្រដល់ទៅ៦បានផ្ញើទៅកាន់អាមេរិក ក្នុងនោះមានស្រោមសំបុត្រមួយផ្ញើទៅកាន់សេតវិមាន និង៥ទៀតទៅកាន់ទីតាំងនៅតិចសាស់»។ កាលពីសប្តាហ៍កន្លងមក ស្នងការប៉ូលិសតិចសាស់ក៏ទទួលបានលិខិតដែលគួរឲ្យសង្ស័យកាលពីសប្តាហ៍កន្លងមកផងដែរ។ ប៉ុន្តែមិនបានបើកសំបុត្រនោះឡើយដោយបញ្ជូនទៅកាន់ក្រុមស្រាវជ្រាវ (FBI)
ជាមួយគ្នានេះក្រុម(FBI) បានបើកការស្រាវជ្រាវ ទៅលើសំបុត្រដែលសង្ស័យមានផ្ទុកសារធាតុពុល ricin ដែលផ្ញើទៅកាន់ទីតាំងនានាក្នុងរដ្ឋតិចសាស់។ នៅពេលនេះ ក្រុមជំនាញមិនទាន់រកឃើញថាក្រុមណាមួយនៅពីក្រោយសកម្មភាពខាងលើនោះឡើយ
កាលពីថ្ងៃទី២០ខែកញ្ញា ក្រុមសន្តិសុខអាមេរិក ក៏បានចាប់ស្ត្រីម្នាក់នៅតំបន់ព្រំដែនជាប់កាណាដា ដោយសង្ស័យថា ស្ត្រីរូបនោះផ្ញើលិខិតផ្ទុកជាតិគីមីពុលចូលទៅកាន់អាមេរិក។ តាមសារព័ត៌មានរ៉យទ័រ ស្ត្រីដែលកម្លាំងសន្តិសុខអាមេរិក ចាប់ខ្លួនមានសញ្ជាតិកាណាដា និងបារាំង៕
ដោយ៖ ធី រីណា