សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែង ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ធម្មជាតិ ដែលបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរ

ចែករំលែក៖

ក្នុងឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ នៅក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលបណ្តាលឱ្យមនុស្ស ៨នាក់ស្លាប់ និងរងរបួស ៣នាក់ទៀតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង​ និងក្រៀមក្រំបំផុត​ជាមួយក្រុមគ្រួសារជនរងគ្រោះទាំងអស់ ព្រមទាំងបានចាត់មន្ត្រីក្រោមឱវាទចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដេីម្បីរៀបចំកម្មវិធីបុណ្យ​ និងជួយសម្រាលការលំបាកផ្នែកជីវភាពរស់នៅ។

ជាក់ស្តែង​នៅល្ងាចថ្ងៃចន្ទ ទី ២១​ ខែកញ្ញា ឆ្នាំ២០២០​ ក្រុុមការងារ​ដែល​ដឹកនាំដោយ​ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងចូលបុណ្យសពជនរងគ្រោះចំនួន ៧នាក់​ (ក្នុងនោះ​មាន​គ្រួសារ​មួយ​ បានស្លាប់សមាជិក​ ៤នាក់​ គឺ​ ប្តី​ ប្រពន្ធ​ និងកូន២នាក់)​ ព្រមទាំង​ចុះសួរសុខទុក្ខនិងផ្តល់អំណោយដល់អ្នករងរបួស​ ៣នាក់ទៀត​ ដែលទេីបបានធូរស្បេីយចេញពីមន្ទីរពេទ្យ​។ ជនរងគ្រោះខាងលេីនេះ​ រស់នៅក្នុងស្រុករុក្ខគិរី​ និងក្រុងបាត់ដំបង​ ខេត្តបាត់ដំបង។

ដោយឡែក​ នៅព្រឹកថ្ងៃអង្គារ​ ទី​ ២២​ ខែកញ្ញា​ ឆ្នាំ២០២០នេះ ក្រុមការងារដែលដឹកនាំដោយ លោកជំទាវ​ ហួន​ ច័ន្ទបូរ៉ា​ នាយិកានាយកដ្ឋានទំនាក់ទំនង​ កាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងចូលបុណ្យ​ ៧ថ្ងៃ​ ជនរងគ្រោះ ១នាក់ ដែលភរិយាបានដឹកសពយកទៅបូជា​​នៅ​ស្រុក​កំណើត​ស្ថិតនៅភូមិងេកងក់​ ឃុំបន្ទាយចក្រី​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង។

ក្នុងឱកាសនោះ គណៈប្រតិភូ​ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីសោកស្តាយយ៉ាងក្រៃលែង ចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ធម្មជាតិ ដែលបណ្តាលឱ្យមានសោកនាដកម្មដ៏ធ្ងន់ធ្ងរនេះ​ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​ ព្រមទាំងសូមជូនពរដល់អ្នករងរបួសឆាប់បានជាសះស្បើយដេីម្បីបានប្រកបជីវភាពរស់នៅប្រចាំថ្ងៃជាប្រក្រតីឡើងវិញ។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានចូលរួមបុណ្យសពទាំង ៨រូប ដោយសពនីមួយៗ ទទួលបានគ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួន ៥លានរៀល។ ទន្ទឹមនឹងនេះ​ កាកបាទក្រហមកម្ពុជា​ បានចុះសួរសុខទុក្ខ​ និងឧបត្ថម្ភដល់អ្នករងរបួស​ចំនួន ៣នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល និងឃីតអ្នករបួស ១ឃីត។

គួររំលឹកថា​ ឧបទ្ទវហេតុគ្រោះធម្មជាតិរន្ទះបាញ់ដែលបានផ្ដាច់យកជីវិតជនរងគ្រោះ៨នាក់ និង៣នាក់ទៀតរងរបួសខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង១៥នាទីល្ងាច ថ្ងៃទី១៧ ខែកញ្ញា​ ឆ្នាំ២០២០កន្លងទៅនៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ខណៈជនរងគ្រោះ រួមទាំងញាតិមិត្តមួយចំនួនទៀត កំពុងជួបជុំទទួលទានអាហារពេលល្ងាចក្នុងឱកាសថ្ងៃភ្ជុំបិណ្ឌ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print