ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី សាត់ គឹមសាន ឡើងកាន់ដំណែង ជាស្នងការនគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន។
បើតាមការឱ្យដឹងពីមន្ត្រីនគរបាលជាន់ខ្ពស់ ឱ្យដឹងថា៖ ពិធីនេះនឹងត្រូវធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង។
សូមបញ្ជាក់ថា៖ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដាក់ឲ្យចូលនិវត្តន៍ ហើយលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការរងខេត្តបាត់ដំបង ត្រូវឡើងជាស្នងការជំនួស។
អ្នកខេត្តបាត់ដំបងនឹងមានជំនឿថា លោកស្នងការថ្មី ទទួលយកនូវការផ្តល់ព័ត៌មាន ពីភាពមិនប្រក្រតីក្នុងសង្គម មូលដ្ឋាន ពាក់ព័ន្ធបទល្មើស ល្បែងសុីសង អំពើហិង្សា ការសេពសារធាតុញៀន ជួញដូរ ។ល។ បង្ក្រាបបានទាន់ពេលវេលា ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព៕ដោយ៖ សិលា