រដ្ឋបាលរាជធានីភ្នំពេញកំពុងពិចារណា ជ្រើសរើសយកក្រុមហ៊ុនចំនួន៣ដើម្បីផ្តល់សេវាប្រមូលសំរាមនៅរាជធានីចុងក្រោយឆាប់ៗនេះ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីទទួលពាក្យស្នើសុំ និងឆ្លងកាត់នីតិវិធីដេញថ្លៃរួចមក នាពេលនេះ រដ្ឋបាលរាជធានីភ្នំពេញកំពុងពិចារណា វាយតម្លៃដោយជ្រើសរើសយកក្រុមហ៊ុន ចំនួន៣ប៉ុណ្ណោះ ដើម្បីផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង ប្រកបដោយលក្ខណៈស្តង់ដារ នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុនទាំង៣ ដែលរដ្ឋបាលរាជធានីសម្រេចជ្រើសរើសនៅដំណាក់កាលចុងក្រោយនេះនឹងទទួលខុសត្រូវប្រមូលសំរាមក្នុងខណ្ឌទាំង១៤តាមតារាងពេលវេលាជាក់លាក់ក្នុងការប្រមូល និងគ្រប់ច្រកផ្លូវទាំងអស់។

ដើម្បីដោះស្រាយបញ្ហាសំរាម រដ្ឋបាលរាជធានីភ្នំពេញកំពុងពិចារណា និងវាយតម្លៃ ដោយសម្រេចជ្រើសរើសយកក្រុមហ៊ុនចំនួន៣ប៉ុណ្ណោះ ក្នុង ចំណោមក្រុមហ៊ុនដែលបានដាក់ពាក្យស្នើសុំ និងឆ្លងកាត់នីតិវិធីដេញថ្លៃរួចមក ដើម្បីផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង ប្រកបដោយលក្ខណៈស្តង់ដារក្នុងរាជធានីភ្នំពេញ។
នេះបើតាមការបញ្ជាក់របស់លោកម៉េត មាសភក្តី មន្ត្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ។ លោកបន្ដថា ថ្វីដ្បិតតែពេលវេលានៃការចាប់ផ្តើមការចូលអនុវត្តការងាររបស់ក្រុមហ៊ុនប្រមូលសំរាមថ្មី មិនទាន់បានកំណត់ជាក់លាក់ ប៉ុន្តែអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំការប្រមូលសំរាមដោយបែងចែកខណ្ឌទាំង១៤ ជា៣តំបន់។ តំបន់នីមួយៗ មានមួយក្រុមហ៊ុនមួយជាអ្នកទទួលខុសត្រូវ និងរៀបចំតារាងពេលវេលាជាក់លាក់ក្នុងការប្រមូលសំរាមពីគ្រប់ច្រកផ្លូវចេញចូលផងដែរ។
កាលពីខែតុលា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកហូតសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៊ិនទ្រី ដើម្បីឲ្យរដ្ឋកាន់កាប់សិន។ ការប្រមូលសំរាមនៅរាជធានីភ្នំពេញ ក៏តម្រូវដាក់ឱ្យដេញថ្លៃជាថ្មី ដើម្បីស្វែងរកក្រុមហ៊ុន ដែលមានសមត្ថភាព បទពិសោធន៍ ចូលរួមផ្ដល់សេវាប្រមូល និងដឹកជញ្ជូនសំរាម និងសំណង់រឹងនៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ដោយសារតែកំណើនប្រជាពលរដ្ឋរាជធានីភ្នំពេញ បានធ្វើឱ្យបរិមាណផលិតសំរាម សំណល់រឹងកាន់តែមានការកើនទ្បើង ដែលជាក់ស្ដែងក្នុងមួយថ្ងៃៗ រាជធានីភ្នំពេញមានសំរាមប្រមាណជា៣០០០តោនដែលត្រូវបានប្រមូល និងដឹកជាប្រចាំទៅចាក់ចោលនៅទីលានចាក់សំរាមជើងឯក៕. សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print