មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានដឹកនាំកម្លាំងចុះជួយទប់ទឹកជំនន់ និងជំលៀសប្រជាពលរដ្ឋនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កាលពីដើមសប្តាហ៍នេះ ឧត្តមសេនីយ៍ទោ គឹមសេង ងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានដឹកនាំកម្លាំង១៣០នាក់ ចុះជួយទប់ទឹកជំនន់ និងជំលៀសប្រជាពលរដ្ឋដែលផ្ទះរបស់ពួកគាត់កំពុងលិចទឹកដោយគ្រោះធម្មជាតិទឹកជំនន់ នៅភូមិដំណាក់ ឃុំពោធិ៍វាល ស្រុកកណ្តៀង ពោធិ៍សាត់។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថាបន្ទាប់ពីទទួលរងឥទ្ធិពលព្យុះ និងភ្លៀងជាបន្តបន្ទាប់រយៈពេល២ថ្ងៃ ជាប់គ្នាក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បានបង្ករឱ្យមានទឹកជំនន់ ទឹកភ្លៀង តាមដងស្ទឹងពោធិ៍សាត់ចំនួន០៤ក្រុង ស្រុក និង១៨ឃុំ សង្កាត់ ដែលបណ្តាលឱ្យខូតខាត និងប៉ះពាល់លំនៅដ្ឋាន ដំណាំស្រូវ និងហេដ្ឋានរចនាសម្ព័ន្ទមួយចំនួន។

លោកមេបញ្ជាការកងពល បានធ្វើការក្រើនរំលឹកប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសនៅក្នុងរដូវវស្សានេះ ដោយសាររដូវនេះជារដូវមានភ្លៀងធ្លាក់ច្រើន ដែរបង្ករជាទឹកជំនន់ និងព្យុះ បក់បោកបំផ្លិចបំផ្លាញ ផ្ទះសម្បែង ទ្រព្យសម្បត្តិ ផលដំណាំ និងសត្វពាហនៈផងដែរ។ លោក បានបន្ថែមថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ ឪពុកម្តាយគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នចំពោះក្មេងតូចៗដែរងាយរងគ្រោះ និងរក្សាទឹកស្អាតទុកប្រើប្រាស់នៅក្នុងអំឡុងពេលដែរជួបគ្រោះទឹកជំនន់នេះ។

គួរជម្រាបជូនថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២០នេះ ខេត្តពោធិ៍សាត់ បានរងឥទ្ធិពលព្យុះ និងភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេល២ថ្ងៃជាប់គ្នាមកហើយ ក្នុងនោះផងដែរ បើយោងតាមប្រសាសន៍របស់ លោកមេបញ្ជាការកងពល គឺកម្លាំងរបស់កងពលតូចអន្តរាគមន៍លេខ១៤ នៅតែត្រៀមខ្លួនជានិច្ចដើម្បីចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា មិនថាយប់ឬថ្ងៃនោះទេ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print