ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង៩៦គ្រួសារទទួលអំណោយពីសាខាកាក បាទក្រហមកម្ពុជាខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយ លោក សៅ សារ៉ាត់ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងលោកស្រីបណ្ឌិត  បាន ស្រីមុំ ប្រធានសាខាបានដឹកនាំសមាជិកកិត្តិយសសាខា, សមាជិកគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៩៦គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ឃីតចំនួន ២ (ក្រម៉ា១ អាវ៣ មុង១ មី១៥កញ្ចប់ ទឹកស៊ីអ៊ីវ១ដប) និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ។

ក្នុងឱកាសនោះលោក ផាន់ ចាន់ធុល ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិតអាសូរក្រៃលែងពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធានជាមាតាមនុស្សធម៌កម្ពុជាតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយនិងឧបទ្ទវហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

លោកប្រធានកិត្តិយសសាខាបានប្រសាសន៍ឱ្យដឹងថា ជាក់ស្តែងកន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដែលមានលោកស្រីបណ្ឌិត បាន ស្រីមុំ ជាប្រធានសាខាតែងបានជំរុញគ្រប់សកម្មភាពការងារមនុស្សធម៌ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់នូវគោលការណ៍គ្រឹះទាំង០៧ប្រការរបស់ចលនាកាកបាទក្រហមកម្ពុជាក្នុងការឆ្លើយតបបានទាន់ពេលវេលាចំពោះជនរងគ្រោះនិងជនងាយ

រងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារៈ គ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗដូចជា ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ពលរដ្ឋមានជីវភាពខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹងនិងគ្រួសារសពខ្វះខាត ជាដើម។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់  ចាន់ធុល ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ  ដូចជាលាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីជៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗជាពិសេសជំងឺកូវីដ-១៩ហើយបើមានបញ្ហាសុខភាពសូមប្រញាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុតដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។

សូមរំលឹកថា៖ដោយសារមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នាកាលពីថ្ងៃទី១៩/២០/២១ខែកញ្ញាឆ្នាំ២០២០បណ្តាលឱ្យទឹកស្ទឹងប៉ៃលិន និងតាមអូរនានាក្នុងខេត្ត ប៉ៃលិនមានសភាពឡើងខុសប្រក្រតី ហើយបានជន់លិចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ចំនួន ៩៦គ្រួសារ លិចប៉ះពាល់ផ្ទៃដីចំការ ចំនួន៨៩ហិកតាខូចខាតហេដ្ឋារចនាសម្ព័ន្ធ។ ជាទីបញ្ចប់ លោក មេភូមិស្ទះស្បូវនិង លោកមេភូមិកូនដំរី បានថ្លែងអំណរគុណដល់ក្រុមការងារ  ជាពិសេស លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិននិងអភិបាលរងខេត្ត  មន្ត្រីរាជការក្នុងខេត្ត ក្រុមការងារយុវជន ខេត្តសូមជូនពរឱ្យទទួលបានទៅសេចក្ដីសុខនិងសុខភាពល្អរឹងមាំ  ជោគជ័យគ្រប់ភារកិច្ចកុំបីឃ្លៀងឃ្លាតឡើយ ៕  ដោយ៖ ស សារ៉េត

...

     

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print