ជប៉ុន ប្រេ​ស៊ី​ល អាល្លឺម៉ង់ និង​ឥណ្ឌា ​ទទូច​ជាថ្មី​ឲ្យអង្គការសហប្រជាជាតិ​ ធ្វើកំណែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ

ចែករំលែក៖

អន្តរជាតិ៖ ​ប្រទេស​ចំនួនបួន ​ដែល​សុបិន​ក្លាយជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ស្ថាប័ន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC)​ មានដូចជា៖ ប្រទេសជប៉ុន ប្រេ​ស៊ី​ល អាល្លឺម៉ង់ និង​ឥណ្ឌា បាន​ទទូច​ជាថ្មី​ឲ្យ​ចាប់ផ្ដើម​កិច្ចចរចា​ឡើង​វី​ញ​ដើម្បី​ឈានដល់​ការធ្វើកំណែទម្រង់​ក្រុមប្រឹក្សាសន្តិសុខ​ ។ ប៉ុន្តែការជំរុញ​នេះ គឺធ្វើឡើង​ក្រោយពី​កិច្ចពិភាក្សា​លើ​រឿងនេះ ត្រូវបាន​ផ្អាក​បណ្ដោះអាសន្ន​ ដោយសារ​ជំងឺ​រាតត្បាត​សកល COVID-19 ។​

ជាក់ស្តែងរដ្ឋមន្ត្រីការបរទេស​ជប៉ុន ប្រេ​ស៊ី​ល អាល្លឺម៉ង់ និង​ឥណ្ឌា​ដែល​ស្គាល់​ថា «G4» ​ក្នុង​សេចក្តីថ្លែងការណ៍​រួម ក្រោយ​ជំនួប​ប្រជុំ​តាម​អន​ឡាញ​នាឱកាស​មហាសន្និបាត UN នៅ​ថ្ងៃទី​២៣ ខែកញ្ញាម្សិលមិញ ដោយបាន​សង្កត់ធ្ងន់​ពី​ភាព​បន្ទាន់​នៃ​ការធ្វើកំណែទម្រង់​អង្គការសហប្រជាជាតិ និង​ការធ្វើ​បច្ចុប្បន្នភាព​លើ​ក្រុមប្រឹក្សាសន្តិសុខ​ដែលជា​ស្ថាប័ន​សម្រេចចិត្ត​ដ៏​សំខាន់​ក្នុង​គោលដៅ​តាម​ឲ្យ​ទាន់​ស្ថានភាព​ជាក់ស្តែង​ដែល​កំពុង​កើតឡើង​ក្នុង​ពិភពលោក ។ បន្ថែមពីនេះរដ្ឋមន្ត្រីការបរទេស​ប្រទេស​ទាំង​បួន​នេះ បានបង្ហាញ​ការខកចិត្ត​ចំពោះ​ការព្យាយាម​បង្អាក់​ដំណើរការ​នៃ​កិច្ចចរចា​នេះ ហើយ​ស្នើ​ឲ្យ​គ្រប់​ប្រទេស​ពាក់ព័ន្ធ​តាំងចិត្ត​មុតមាំ​ដោះស្រាយ​បញ្ហា​នេះ​។ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Kyodo ។

​ជប៉ុន បានធ្វើការ​ជាមួយ​ប្រទេស​ទាំង​៣​ជាច្រើន​ឆ្នាំ​មកហើយ​ក្នុង​គោលដៅ​ក្លាយជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ហើយ​បង្កើន​កៅអី​សមាជិក​មិន​អចិន្ត្រៃយ៍​បន្ថែម​។ កិច្ចពិភាក្សា​អន្តររដ្ឋាភិបាល​លើ​ការធ្វើកំណែទម្រង់​អង្គការសហប្រជាជាតិ បានចាប់ផ្ដើម​ក្នុង​ឆ្នាំ​២០០៩ តែ​ពុំ​សូវ​ទទួល​ផ្លែ​ផ្លា​ច្រើន​ឡើយ​។

​រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Toshimitsu Motegi បានលើកឡើង​កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ២០២០ ពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ក្នុង​ការចូល​វិភាគទាន​ដល់​អភិបាលកិច្ច​សកល ក្នុងនាម​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ UN ។ ត្រង់ចំណុចនេះ លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុនរូបនេះ បាននិយាយយ៉ាង​ដូច្នេះ​ថា​៖«​ជប៉ុន​ត្រៀមលក្ខណៈ​ពេញលេញ​ដើម្បី​បំពេញ​ទំនួល​ខុស​ត្រូវជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ ហើយ​ចូលរួមចំណែក​ធានា​ស្ថិរភាព និង​សន្តិភាព​ពិភពលោក​»​។​

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមប្រឹក្សាសន្តិសុខ មាន​សមាជិក​អចិន្ត្រៃយ៍​ចំនួន​៥ ដែលមាន​អំណាច​វ៉េតូ រួមមាន ចក្រភព​អង់គ្លេស ចិន បារាំងរុស្ស៊ី និង​អាមេរិក ហើយ​សមាជិក​មិន​អចិន្ត្រៃយ៍​១០​ទៀត ដែល​បោះឆ្នោត​ជ្រើសរើស​សម្រាប់​អាណត្តិ​២​ឆ្នាំ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print