ទីបំផុត! មេដឹកនាំ​ប្រឆាំង​រុស្ស៊ី Navalny ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ក្រុង​បែរ​ឡាំង ក្រោយជំងឺធូរសះស្បើយ​ច្រើន

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមសេចក្តីថ្លែងការណ៍​មួយ នៅ​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ មន្ទីរពេទ្យ Charite របស់​អាល្លឺម៉ង់ បាន​បញ្ជាក់ថាមេដឹកនាំ​ប្រឆាំង​រុស្ស៊ី លោក Alexei Navalny ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​បែរ​ឡាំង ទឹកដី​អាល្លឺម៉ង់ បន្ទាប់ពីសុខភាព​របស់លោក Navalny បាន​ធូរ​សះស្បើយ​ច្រើន ។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​មន្ទីរពេទ្យ​ដដែល បានលើកឡើងថា ផ្អែកលើ​លក្ខខណ្ឌ​សុខភាព​និង​ការវិវត្ត​បច្ចុប្បន្ន​របស់​អ្នកជំងឺ ខាង​គ្រូពេទ្យ ជឿជាក់ថា លោក​Navalny នឹង​ជា​ដាច់​ឆាប់ៗ​ខាងមុខ ក៏ប៉ុន្តែ​គ្រូពេទ្យ​ពុំទាន់​អាច​វាយតម្លៃ​ឲ្យ​ច្បាស់លាស់​ពី​ផលប៉ះពាល់​យូរអង្វែង​នៃ​ការពុល​ថ្នាំ​ធ្ងន់ធ្ងរ​របស់លោកបានទេ​។​ ជាក់ស្តែងលោក Navalny ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ Charite សរុប​៣២​ថ្ងៃ​ហើយ ក្នុងនោះ លោក​ចំណាយពេល​២៤​ថ្ងៃ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​។ បើតាម​មន្ទីរពេទ្យ​នេះ ការសម្រេចចិត្ត​លម្អិត​ស្ថានភាព​ជំងឺ​របស់លោក Navalny ជា​សាធារណៈ​បែបនេះ គឺធ្វើឡើង​ក្រោយ​បាន​ប្រឹក្សា​រួចរាល់​ជាមួយ​សមាជិកគ្រួសារ​និង​ភរិយា​លោក​។ ចំណែកវិមាន​ក្រេ​ម​ឡាំង​វិញ ក៏​បានប្រកាស​ដែរ​ថា លោក Navalny អាចធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​វិញ​គ្រប់ពេល​។​

​ដោយឡែក លោក Steffen Siebert អ្នកនាំពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ កាលពីដើម​ខែកញ្ញា បានបញ្ជាក់ថា ការធ្វើ​តេស្ត​របស់​កង​ទ័ព​អាល្លឺម៉ង់​លើ​លោក Navalny ដែល​កំពុង​សម្រាក​ព្យាបាល​មន្ទីរពេទ្យ​មួយ​នៅ​រដ្ឋធានី បែរ​ឡាំង បាន​ផ្ដល់នូវ​ភស្តុតាង​ច្បាស់​នៃ​ថ្នាំពុល​ប្រភេទNovichok ។ ព្រោះថ្នាំពុល​ត្រកូល Novichok គឺជា​ថ្នាំពុល​កម្រិត​ថ្នាក់​យោធា ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយ​រដ្ឋាភិបាល​សហភាព​សូ​វៀត​ក្នុង​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៨០ ហើយ​អាច​ប្រើ​ក្នុង​ទម្រង់​ជា​ម្សៅ រាវ ឬ​ចំហាយ​។​

​យ៉ាងណាមិញ រដ្ឋាភិបាល​រុស្ស៊ី ក៏បានអះអាងថា ខ្លួន​ពុំទាន់​ទទួល​ភស្តុតាង​ណាមួយ​ពី​រដ្ឋាភិបាល​ក្រុង​បែរ​ឡាំង​ឡើយ​។ ប៉ុន្តែទាំង​អាល្លឺម៉ង់ និង​អឺរ៉ុប សុទ្ធតែ​ទាមទារ​ចម្លើយ​ពី​ក្រុង​មូ​ស្កូ​ពាក់ព័ន្ធ​បញ្ហា​បំពុល​នេះ ហើយ​ព្រមាន​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ថែមទៀត​ផង​។

​សូមជម្រាបថា មេដឹកនាំ​ប្រឆាំង​រុស្ស៊ី លោក Alexei Navalny មានអាយុ​៤៤​ឆ្នាំ បាន​ធ្លាក់ខ្លួន​ឈឺ ក្រោយ​ឡើង​ជិះ​យន្តហោះ​មួយ​ក្នុង​តំបន់Siberia ក្នុងប្រទេស​រុស្ស៊ី កាលពី​ខែ​មុន​។ អ្នកគាំទ្រ​លោក​សង្ស័យថា ទឹកតែ​ដែល​លោក​ផឹក​នៅមុន​ពេល​ឡើង​យន្តហោះ​មាន​ថ្នាំពុល​។ ដំបូង​ឡើយ លោក​ត្រូវបាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ក្នុង​តំបន់​នោះ មុនពេល​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ Charite ក្នុង​ទីក្រុង​បែរ​ឡាំង​វិញ​។​ មិនតែប៉ុណ្ណោះលោក Navalny គឺជា​សកម្មជន​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់បាន​ដឹកនាំ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​រដ្ឋាភិបាល​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន​។ លោក​ថែមទាំង​ហៅ​បក្ស​កាន់អំណាច​រុស្ស៊ី​បច្ចុប្បន្ន​ថា​ជា​ចោរ​ដែល​កំពុង​ជញ្ជក់​ឈាម​រុស្ស៊ី​។

គួរបញ្ជាក់ផងដែរថា មេដឹកនាំ​បក្សប្រឆាំង​រូបនេះ ក៏​ត្រូវបាន​ហាមឃាត់​ពី​ការ​ឈរឈ្មោះ​ប្រឆាំង​លោកប្រធានាធិបតីរុស្ស៉ី ពូ​ទីន ក្នុងការ​បោះឆ្នោត​ផងដែរ​ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print