ខេត្តស្វាយរៀង៖ ល្បីមួយទៀតហើយ! ខណៈឪពុកម្តាយក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ បានដាក់ពាក្យបណ្តឹងប្តឹងឈ្មោះ ម៉ៅ វីរៈ ហៅចំរើន អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍អង្គតាសូ បច្ចុប្បន្នរស់នៅភូមិដុម្ភិរ ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ពីបទចាប់ «រំលោភសេពសន្ថវៈតែមិនបានសម្រេច» ដែលពេលនេះ ជនសង្ស័យកំពុងដើរពេញភូមិធ្វើដូចគ្មានរឿងអ្វីកើតឡើង ។
ក្រុមគ្រួសារជនរងគ្រោះ ថ្លែងប្រាប់នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ ថា ពួកគាត់កំពុងរងការឈឺចាប់យ៉ាងខ្លាំង ដែលប៉ូលិសរូបនេះបានចាប់«រំលោភសេពសន្ថវៈតែមិនបានសម្រេច»លើកូនស្រីអាយុ១៥ឆ្នាំរបស់ពួកគាត់ ហើយកំពុងដើរពេញភូមិធ្វើដូចជាគ្មានរឿងអ្វីកើតឡើង ទោះបីពួកគាត់បានដាក់ពាក្យបណ្តឹងរួចហើយក៏ដោយ ។
គ្រួសារជនរងគ្រោះអះអាងថា រឿងនេះ បានកើតឡើងតាំងពីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ នៅចំណុចផ្ទះរបស់ពួកគាត់ស្ថិតក្នុងភូមិដុម្ភិរ ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
រឿងនេះ ដំបូងគឺខាងប៉ូលិសប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានហៅពួកគាត់ទៅជួបនិងសុំឱ្យធ្វើការសម្របសម្រួលគ្នា តែពួកគាត់មិនព្រមទេ ដោយសារទង្វើរបស់ឈ្មោះ ម៉ៅ វីរៈ ហៅចំរើន ធ្វើឱ្យពួកគាត់មានការឈឺចាប់ខ្លាំងណាស់ ទើបសម្រេចចិត្តប្តឹងទៅតុលាការតែម្តង ។
ទោះបីយ៉ាងណា នៅពេលនេះក្រុមគ្រួសារជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ហើយជនល្មើសក៏កំពុងដើរពេញភូមិធ្វើដូចគ្មានរឿងអ្វីកើតឡើង ទៀតផង ។
បញ្ហានេះ ក្រុមគ្រួសារជនរងគ្រោះ សង្ឃឹមថា ថ្នាក់ដឹកនាំនិងតុលាការខេត្តស្វាយរៀងនឹងជួយរកយុត្តិធម៌ឱ្យពួកគាត់ពុំខាន ៕ ដោយ៖ចេស្តា