ខេត្តប៉ៃលិន៖ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានបន្តដំណើរពីខេត្តបាត់ដំបង ទៅខេត្តប៉ៃលិន ជួបប្រជុំជាមួយគណៈអភិបាលខេត្តប៉ៃលិន ដឹកនាំដោយ លោក ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តប៉ៃលិន។
នេះជាលើកទីពីរ ដែលគណៈកម្មការទី៧ បានចុះបេសកកម្មក្នុងខេត្តប៉ៃលិន ដើម្បីស្វែងយល់ពីសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន និងពិនិត្យ តាមដានការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ក៏ដូចជាការស្តាប់នូវបញ្ហាប្រឈមផ្សេងៗ ដើម្បី ស្វែងរកដំណោះស្រាយឆ្លើយតបរួមគ្នាមួយដែលមានប្រសិទ្ធភាព។
លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការចុះបំពេញបេសកកម្មព្រឹកថ្ងៃនេះ មានភាពខុសប្លែកពីឆ្នាំមុន ដោយគណៈកម្មការទី៧បានផ្តោតកិច្ចពិភាក្សាលើស្ថានភាពវិស័យអប់រំក្នុងបរិបទកូវីដ១៩ និងផលប៉ះពាល់បង្កដោយវិបត្តិកូវីដ១៖៩ លើវិស័យអប់រំក្នុងក្របខណ្ឌខេត្តប៉ៃលិនផ្ទាល់ និងវិធានការជាដំណោះស្រាយដែលខេត្តបានអនុវត្តកន្លងមក៕
ដោយ៖ សិលា