សម្ដេចតេជោ ហ៊ុន សែន សម្រេចលើកពេលរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុ ដើម្បីបង្ការការរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ បើតាមក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បានអោយដឹងថា៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ដើម្បីបង្ការការពារសុវត្ថិភាព ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីជំងឺកូវីដ-១៩។

ក្នុងនោះអង្គភាពក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា៖ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្រសួងគ្រោងនឹងរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅតំបន់ឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ ក្នុងអំលុងខែធ្នូ ឆ្នាំ២០២០។ ម្យ៉ាងទៀតពិធីបុណ្យសមុទ្រ ដែលកន្លងមកកម្ពុជាតែងបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្តូរវេនគ្នានៅតាមបណ្តាខេត្តទាំងបួនជាប់ឆ្នេរសមុទ្រ គឺជាព្រឹត្តិការណ៍ មានលក្ខណៈជាអន្តរជាតិ មានការចូលរួមពីអង្គការឆ្នេរសមុទ្រអន្តរជាតិ និងប្រទេសមួយចំនួនពីតំបន់អាស៊ាន និងអាស៊ីផងដែរ។
សូមជម្រាបថា៖ ដោយពិនិត្យឃើញថា សភាពការណ៍វិវត្តនៃជំងឺកូវីដ-១៩ នៅប្រទេសខ្លះក្នុងតំបន់ និងពិភពលោកនៅពុំទាន់បង្ហាញភាពធូរស្រាលនៅឡើយ និងតាមការស្ទាបស្ទង់ បណ្តាប្រទេសជាមិត្តដែលធ្លាប់បានចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជាកន្លងមក គឺពុំទាន់មានភាពច្បាស់លាស់ប្រាកដថា នឹងអាចមកចូលរួមបានផងដែរនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រនេះទៅឆ្នាំក្រោយវិញ៕ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print