លិខិតមិត្តអ្នកអាន៖« កម្ពុជារងគ្រោះព្រោះនយោបាយគ្មានសត្រូវ »

ចែករំលែក៖

ភ្នំពេញ៖ ស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ មួយដែលត្រូវ បានមហាអំណាច ប្រទាញប្រទង់គ្នា កម្ពុជា ប្រៀបបីដូចជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ដែល មហាអំណាចណាក៏ ចង់បានយកធ្វើជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្លួនដែរ។ ក្នុងស្ថានភាពបែបនេះ ប្រាកដណាស់ថា វាជាការលំបាកខ្លាំងណាស់សម្រាប់ប្រទេសតូចមួយដូចកម្ពុជាក្នុងការ ប្រកាន់ជំហរ នយោបាយការបរទេសដើម្បីគេចផុតពី ឥទ្ធិពល របស់មហាអំណាច។ ទោះជាយ៉ាងនេះក៏ដោយ ក៏កម្ពុជាដែលមាន មេដឹកនាំដ៏ខ្លាំងពូកែនិងមានបទពិសោធន៍ម្នាក់ នៅក្នុងឆាកនយោបាយបានជ្រើសរើសជំហរដ៏ឆ្លាតវៃមួយក្នុងការសម្រប សម្រួលជាមួយ មហាអំណាចទាំងអស់ដើម្បីទាញយកផលប្រយោជន៍សម្រាប់កសាងប្រទេសផង និងសម្រាប់រកសេចក្តីសុខជូនប្រជាពលរដ្ឋរបស់ខ្លួនផង។

សុខសន្តិភាព ការអភិវឌ្ឍន៍ និងសេចក្តី សប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរដែល បានកើតឡើងបានយូរនិង យ៉ាងល្អប្រសើរមិនធ្លាប់មានពីមុនដែលប្រទេសដ៏កំសត់នេះកំពុងមាន នៅពេលបច្ចុប្បន្ន គឺជា
លទ្ធផលនៃនយោបាយការបរទេសដ៏ឆ្លាតវៃរបស់កម្ពុជាក្រោមការដឹកនាំរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។
នយោបាយការបរទេសកម្ពុជាគឺជា«នយោបាយគ្មានសត្រូវ»មានន័យថា ប្រទេសណាក៏ដោយ ក៏ជាមិត្តរបស់កម្ពុជា ហើយ«ទោះបីជាសត្រូវរបស់ប្រទេសណាមួយក៏ មិនមែនជាសត្រូវរបស់កម្ពុជាដែរ» ពោលគឺ កម្ពុជាកសាងទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសទាំងអស់នៅលើផែនដី នេះ។

កម្ពុជាដែលធ្លាប់រងគ្រោះដោយសារភ្លើងសង្គ្រាម រហូតដល់ធ្លាក់ទៅក្នុងរបបវាលពិឃាតប្រល័យពូជសាសន៍ដ៏ឃោរឃៅ ពិតជាមិនចង់ឃើញ ប្រវត្តិសាស្ត្រច្រំដែលសោះឡើយ។ កម្ពុជាក៏មិនចង់ឃើញប្រទេសណាមួយរងគ្រោះព្រោះសង្គ្រាមដែរ។
ប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជាបានក្លាយជាបទពិសោធន៍ដ៏រឹងមាំរបស់មេដឹកនាំខ្មែរឈ្មោះ« ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនដើម្បីបញ្ចប់សង្គ្រាម» និងនាំមកនូវសន្តិភាពពេញលេញ និង«កំពុងបន្តយកខ្លួនពាំងគ្រប់រឿងរ៉ាវដើម្បីការពារសន្តិភាព និងសេចក្តីសុខ»ជូនប្រជាពលរដ្ឋរបស់ខ្លួនក៏ដូចជាការពារអធិបតេយ្យជាតិកម្ពុជាទាំងមូលដោយមិនព្រមធ្វើជាចំណុះ ឬ កូនអុកបរទេសណាជាដាច់ខាត។

ទោះជាយ៉ាងណាក៏ដោយ ពេលខ្លះ កម្ពុជាបានក្លាយជាជនរងគ្រោះ ឬជាចំណាប់ខ្មាំងព្រោះតែនយោបាយគ្មានសត្រូវរបស់ខ្លួន។ ប្រការនេះក៏ដោយ សារតែមហាអំណាចដែលសំឡឹងឃើញកម្ពុជាជាកូនក្រមុំដ៏ស្រស់ស្អាតបែរជាឈ្លោះគ្នាដណ្តើមកម្ពុជាទាំងដែលកូនក្រមុំកម្ពុជាដ៏ស្រស់ស្អាតនេះមិនដឹងរឿងអ្វីសោះ។

ជួនកាល មហាអំណាចមួយលួច ប្រច័ណ្ឌកម្ពុជាដោយគ្រាន់តែឃើញប្រទេសដ៏តូចច្រឡឹងនេះមានទំនាក់ទំនងល្អូកល្អឺនជាមួយ មហាអំណាចមួយទៀតដែលគេ ហៅថា «ប្រច័ណ្ឌខុសរឿង»។
នៅក្នុងជីវិតជាក់ស្តែង មានបុរស ឬស្ត្រីច្រើនណាស់ដែលរងគ្រោះព្រោះការប្រច័ណ្ឌខុសរឿង។

យ៉ាងណាមិញ សហរដ្ឋអាមេរិកដែលកំពុងដណ្តើមឥទ្ធិពល ភូមិសាស្ត្រនយោបាយជាមួយចិន ពេលខ្លះក៏លួចប្រច័ណ្ឌកម្ពុជាជាមួយចិននៅពេលឃើញកម្ពុជា មានទំនាក់ទំនងល្អជាមួយ មហាយក្សអាស៊ីមួយនេះ។
ការប្រច័ណ្ឌខុសរឿងគឺជា ដើមហេតុដែលធ្វើឲ្យមហាអំណាចពិភពលោកខាងបស្ចឹមប្រទេសមួយនេះផ្តើមរករឿងចិនតាមរយៈការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ចិនមួយដែលកំពុងវិនិយោគនៅកម្ពុជា។

ទោះបីជាសហរដ្ឋអាមេរិកបានលើកហេតុផលពីរឿងសិទ្ធិមនុស្សមកធ្វើជាសំអាងក៏ដោយ ក៏ប៉ុន្តែ នរណាក៏ដឹងដែរថានោះ «គ្រាន់តែជាលេសដើម្បីគាបសង្កត់ចិនក្នុងន័យដណ្តើមភូមិសាស្ត្រ នយោបាយ»តែប៉ុណ្ណោះ។

គំនាបរបស់សហរដ្ឋអាមេរិកទៅ លើចិន ទោះតិចឬច្រើន វាធ្វើឲ្យប៉ះពាល់ដល់កម្ពុជាដូចសុភាសិតខ្មែរបូរាណពោលថា «ដំរីជល់គ្នា ងាប់ស្រមោចសង្អារ»។

ពិតណាស់ ក្នុងនាមជាប្រទេសអធិបតេយ្យមួយដែលស្ថិតនៅ
ចំកណ្តាលទីតាំងភូមិសាស្ត្រដ៏ ប្រទាញប្រទង់នេះ កម្ពុជាចាំបាច់ត្រូវប្រកាន់ជំហរវៃឆ្លាតមួយក្នុង នយោបាយការទូតរបស់ខ្លួន ដោយចាប់យកប្រទេសទាំងអស់ធ្វើជាមិត្តដោយគ្មានការរើសអើង។
ប៉ុន្តែជាធម្មតា នៅក្នុងក្រឹតក្រម នៃទំនាក់ទំនងអន្តរជាតិ ភាពជិតស្និទ្ធរវាងប្រទេសមួយនិងប្រទេសមួយទៀតមានកម្រិតខ្លាំងឬខ្សោយអាស្រ័យទៅតាមផលប្រយោជន៍ដែលភាគីទាំងពីរទទួលបាន មានន័យថា ប្រទេសណាដែលផ្តល់ប្រយោជន៍ច្រើន ទំនាក់ទំនងជាមួយប្រទេសនោះកាន់តែជិតស្និទ្ធនិងល្អូកល្អឺនខ្លាំង។

ឧទាហរណ៍ជាក់ស្តែង ទំនាក់ទំនងជិតស្និទ្ធខ្លាំងរវាងកម្ពុជានិងចិន មិនមែនមានន័យថា កម្ពុជានៅខាងចិន ហើយបោះបង់មហាអំណាចផ្សេងទៀត ឬប្រទេសផ្សេងទៀតដែលជាគូប្រជែង ឬជាគូសត្រូវរបស់ចិន នោះឡើយ។ ប៉ុន្តែ កម្ពុជាដែល បង្ហាញភាពល្អូនល្អឺននៃ ទំនាក់ទំនងចាក់ទឹកមិនលិចជាមួយចិន ក៏ព្រោះតែដើម្បីប្រយោជន៍សេដ្ឋកិច្ចទ្វេភាគីដែលកម្ពុជា-ចិនមានជាមួយគ្នាតែ
ប៉ុណ្ណោះ។ រីឯទំនាក់ទំនងជាមួយ មហាអំណាចផ្សេងៗទៀត ឬប្រទេសផ្សេងក៏នៅតែរក្សាដដែលបើទោះបីជាមិនសូវស្និទ្ធស្នាលខ្លាំង ឬក៏ពេលខ្លះមាន ភាពរកាំរកូសមើលមុខគ្នាមិនចំខ្លះក៏ដោយ ក៏មូលហេតុសំខាន់គឺកម្ពុជាគ្រាន់តែការពារផលប្រយោជន៍របស់ខ្លួនតែ ប៉ុណ្ណោះ។ ការការពារប្រយោជន៍និងការពារអធិបតេយ្យភាពជាតិ របស់ខ្លួន«មិនត្រូវចាត់ទុកថា កម្ពុជាយកប្រទេសណាជាសត្រូវ រឺ ឈរខាងភាគីណាមួយនោះឡើយ»។

នៅក្នុងស្ថានភាពដែលកម្ពុជាកំពុងរងសម្ពាធពីការប្រជែងឥទ្ធិពលគ្នារបស់មហាអំណាច វាជាពេលវេលាដ៏សំខាន់ណាស់ដែលខ្មែរគ្រប់គ្នា គ្រប់និន្នាការ នយោបាយ ត្រូវខិតខំការពារផលប្រយោជន៍រួមរបស់ខ្លួនឲ្យបាន។ ខ្មែរអាចមានទស្សនៈនយោបាយផ្សេងគ្នា ប៉ុន្តែ ខ្មែរ នៅតែមានប្រយោជន៍រួមតែមួយគឺ ផលប្រយោជន៍ជាតិទាំងមូល។ ដូច្នេះ នៅពេលដែលផលប្រយោជន៍រួមរងការគំរាមកំហែង ខ្មែរត្រូវរួមគ្នាដើម្បីការពារប្រយោជន៍របស់ខ្លួន ដោយទុកប្រយោជន៍នយោបាយមួយឡែកសិន។
យើងជាពលរដ្ឋខ្មែរត្រូវយល់ថា ប្រទេសរបស់យើងស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រមួយដែល
ងាយរងឥទ្ធិពលរបស់មហា អំណាច។ បើទោះបីជាយើងបាន ប្រកាន់ជំហរនយោបាយការទូត មួយដ៏ឆ្លាតវៃក៏ដោយ ក៏វាជាការ លំបាកណាស់ដែលអាចចៀសផុតទាំងស្រុងពីចំហាយនៃជម្លោះរវាងមហាអំណាច។ វាមិនខុសអ្វីពីខ្យល់ព្យុះដែលកើតឡើងចំពោះប្រទេសមួយតែចំហាយរបស់វា មានឥទ្ធិពលទៅលើប្រទេសផ្សេងៗទៀត ជាពិសេសប្រទេសក្បែរខាងតែម្តង។

ស្ថានភាពដែលកម្ពុជាកំពុងប្រឈមមុខបច្ចុប្បន្ន គឺជាអ្វីដែលគេហៅថា«រងគ្រោះព្រោះនយោបាយគ្មានសត្រូវ»។
ទោះជាយ៉ាងណា ក៏វាពិតជា ប្រសើរជាងការរងគ្រោះព្រោះនយោបាយសាងសត្រូវដូចដែលអ្នកនយោបាយខ្មែរមួយចំនួនបាន និងកំពុងធ្វើដែរ។ នយោបាយគ្មានសត្រូវ អាចអនុញ្ញាតឲ្យកម្ពុជាចាប់ដៃសហការជាមួយគ្រប់ប្រទេសទាំងអស់ដោយ ស្នាមញញឹម។ នយោបាយនេះទៀតសោត ក៏អាចអនុញ្ញាតឲ្យកម្ពុជាងាយប៉ះប៉ូវការខូចខាតបានឆាប់រហ័ស។

ផ្ទុយទៅវិញ នយោបាយសាងសត្រូវដោយឈរនៅតែជាមួយ មហាអំណាចម្ខាង ហើយប្រកាសសត្រូវជាមួយ មហា អំណាចម្ខាងទៀត នឹងធ្វើឲ្យកម្ពុជារងគ្រោះលិចលង់ ដូចពីអតីតកាលជាក់ជាមិនខាន។ សូមខ្មែរចងចាំនូវចំណុចនេះ៕

...

ដោយ ៖ អ្នកនយោបាយតុកាហ្វេ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print