រដ្ឋមន្ត្រីការបរទេស​អាមេរិក ចោទ​ទីក្រុង​ប៉េកាំង​ថា៖ ញុះញង់​ឲ្យ​មានការ​តវ៉ា​ប្រកាន់ពូជសាសន៍​នៅ​អាមេរិក​

ចែករំលែក៖

អន្តរជាតិ៖ លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក បានចោទ​ទីក្រុង​ប៉េកាំង​ថា ការណ៍​ដែល​រដ្ឋាភិបាលចិន ​រិះគន់​ការរើសអើង​ពូជសាសន៍​នៅ​អាមេរិក គឺជា​ការញុះញង់ឲ្យ​មានការ​តវ៉ា​កាន់តែខ្លាំង​នៅ​អាមេរិក​តែម្ដង​។​

​ជាក់ស្តែងនៅ​ថ្ងៃទី​២៣ ខែកញ្ញាថ្មីៗនេះ រដ្ឋមន្ត្រីការបរទេស​អាមេរិករូបនេះ បានប្រាប់​សមាជិកសភា​នៃ​រដ្ឋ Wisconsin ថា៖ រដ្ឋាភិបាលចិន​ បានអុជអាល​ឲ្យ​មាន​អំពើហិង្សា​ពូជសាសន៍​នៅ​អាមេរិក​។ បន្ថែមពីនេះលោក ប៉ុ​ម​ប៉េ​អូ បាន​យោង​លើ​ហេតុផល​ថា ចិន​បាន​រិះគន់​ការរើសអើង​ពូជសាសន៍​អាមេរិក អំឡុងពេល​បាតុកម្ម​ស្ទើរ​ពេញ​ទឹកដី​អាមេរិក​កាលពី​ប៉ុន្មាន​ខែ​មុន​។

​ជាមួយគ្នាលោក ប៉ុ​ម​ប៉េ​អូ នៅចំពោះមុខ​សមាជិកសភា​នា​ជំនួប​ក្នុង​ទីក្រុង Madison ក៏បានលើកឡើងថា បក្ស​កុម្មុយនីស្ត​ចិន​ចង់​ឲ្យ​ប្រជាជន​អាមេរិក​ទាមទារ​រក​ការទទួលខុសត្រូវ​តាមរយៈ​ការ​ការស្រែក​រិះគន់​ការរើសអើង​ពូជសាសន៍​។ លោក​បន្តថា ចិន​ចង់​ញុះញង់​ឲ្យ​មានការ​តវ៉ា​ដែល​ធ្លាប់មាន Minneapolis Portland និង Kenosha ដែរ​។ ទីក្រុង​ទាំងបី​នេះ សុទ្ធសឹង​ជួប​រលក​តវ៉ា​ពី​សំណាក់​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ដែល​ប្រឆាំង​អំពើហិង្សា​របស់​ប៉ូលិស​ស្បែ​កស​។​

បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ដកស្រង់សម្តីប្រមុខ​ការទូត​អាមេរិក​រូបនេះ បានសង្កត់ធ្ងន់ថា៖«​វា​គួរ​ឲ្យ​រអើម​។ យើង​មិនអាច​ឲ្យ​រឿងនេះ​កើតឡើង​ឡើយ​»។

​សូមជម្រាបថា ខណៈ​ដែលប្រទេចិន និងសហរដ្ឋ​អាមេរិក​ទាស់​គ្នា​លើ​រឿង​ជាច្រើន ហើយ​ជា​ញឹកញាប់​អាមេរិក​រិះគន់​ រដ្ឋាភិបាលចិន ​ខ្លាំង​រឿង​សិទ្ធិមនុស្ស​នោះ វា​អាចជា​រឿង​មិនធម្មតា​មួយ នៅពេលដែល​មន្ត្រីជាន់ខ្ពស់​អាមេរិក​រុញ​កំហុស​លើ​ចិន​លើ​ការតវ៉ា​ក្នុងស្រុក​របស់ខ្លួន​។ជាក់ស្តែងអំឡុងពេល​បាតុកម្ម​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ក៏បាន​រាយការណ៍​មិន​ដាច់​ពី​ការតវ៉ា​របស់​ក្រុម​ស្បែក​ខ្មៅ ដែល​ទំនង​ចង់បង្ហាញ​ពី​ស្ថានភាព​រើសអើង​ពូជសាសន៍​នៅ​អាមេរិក​។ ការស្លាប់​របស់​បុរស​ស្បែក​ខ្មៅ George Floyd បាន​ដុត​បញ្ឆេះ​ឲ្យ​មាន​ការតវ៉ា​នៅ​អាមេរិក ទោះ​ជំងឺ COVID-19 កំពុង​រាតត្បាត​ក្ដី​។

​គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេស​អាមេរិកលោក ប៉ុ​ម​ប៉េ​អូ ក៏បាន​លើកឡើង​ពី​សំបុត្រ​មួយច្បាប់​របស់​ស្ថានទូត​ចិន​ផ្ញើ​ឲ្យ​សមាជិកសភា​រដ្ឋWisconsin ដែល​សរសេរថា ទីក្រុង​ប៉េកាំង ប្រឆាំង​ដាច់ខាត​ការរើសអើង​ពូជសាសន៍ និង​ការ​ស្អប់ខ្ពើម​លើ​សហគមន៍​ជនជាតិ​ចិន​នៅ​អាមេរិក​អំឡុងពេល​ជំងឺ COVID-19 ។ លិខិត​នេះ ទំនង​ចង់​សំដៅ​សម្ដី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​តែង​វីរុស​បង្ក​ជំងឺ COVID-19 ថាវីរុស​ចិន មិន​ដាច់​ពី​មាត់​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print