ពីរថ្ងៃជាប់គ្នា តៃវ៉ាន់ បាញ់​សាកល្បងមីស៉ីល២គ្រាប់ បន្ទាប់ពី​យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង ហោះ​ឆ្លង​ចូល​ដែនអាកាស​តៃវ៉ាន់​

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពី​យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង បាន​ហោះ​ឆ្លង​ចូល​ដែនអាកាស​តៃវ៉ាន់​នាពេល​កន្លងទៅ​ ស្រាប់តែនៅ​យប់​ថ្ងៃទី​២៤និង២៥ ខែកញ្ញា ឆ្នាំ២០២០នេះ យោធាតៃវ៉ាន បាន​បាញ់​សាល្បងមី​ស៊ី​ល​ចំនួន២គ្រាប់ ដោយមួយ​គ្រាប់​នៅក្បែរ​ឆ្នេរ​ភាគ​ខាងកើត​របស់ខ្លួននិង​មួយ​គ្រាប់​ទៀត ត្រូវបាន​រំពឹងថា បាញ់​សាកល្បង​នៅ​មូលដ្ឋាន​យោធា Jiupeng ក្បែរ​ឆ្នេរ​ភាគខាងត្បូង​ ​។

តាម​ការបញ្ជាក់​របស់​ទីភ្នាក់ងារ​នេសាទ​តៃវ៉ាន់ បាននិយាយថា មី​ស៊ី​ល​នេះ ហោះ​បាន​ចម្ងាយ​ប្រមាណ ៣០០​គីឡូម៉ែត្រ និង​ធ្លាក់​នៅក្នុង​សមុទ្រ​បា​ស៊ី​ហ្វិ​ក​។ យ៉ាងណាក៏ដោយ តៃវ៉ាន់ មិនបាន​បញ្ជាក់​ពី​ប្រភេទ​មី​ស៊ី​ល​នេះ​ទេ​។ ខណៈដែលប៉ុន្មាន​ថ្ងៃក្រោយនេះ ​យន្តហោះ​ចម្បាំង​ចិន​ហោះ​ឆ្វែល​ជាច្រើន តៃវ៉ាន់​បាន​បញ្ចេញ​សាច់ដុំ​វិញ​។ ការបាញ់​សាកល្បង​មី​ស៊ី​ល​នេះ គឺ​ផ្នែក​មួយ​នេះ កម្មវិធី​របស់​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា Chung-Shan ដើម្បី​តាមដាន​កម្លាំង​របស់​មី​ស៊ី​ល​ទាំងពីរ​គ្រាប់​នេះ​។

​ជាក់ស្តែងស្ថានការណ៍​យោធា​តាម​ច្រក​សមុទ្រ​តៃវ៉ាន់ មួយរយៈ​ចុងក្រោយ​នេះ ហាក់ដូចជា​អាប់អួរ​ខ្លាំង ព្រោះ​ចិន​បានធ្វើ​សមយុទ្ធ​យោធានិង​យន្តហោះ​ចម្បាំង​នៅក្បែរ​ច្រក​សមុទ្រ​នេះ​។ យន្តហោះ​ចម្បាំង​ចិន​ជាច្រើន​គ្រឿង និង​មាន​ទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ផង​នោះ បាន​ហោះ​ពីលើ​ច្រក​សមុទ្រ​តៃវ៉ាន់​។ នេះ​ហាក់ដូចជា​បំណង​របស់​ចិន ដើម្បី​គំរាម​តៃវ៉ាន់ ក៏ដូចជា​មន្ត្រីជាន់ខ្ពស់​អាមេរិក ដែល​បាន​ទស្សនកិច្ច​មក​តៃវ៉ាន់​នាពេល​កន្លងមក​។

​ដោយឡែកបើតាម​ការផ្សាយ​របស់​កា​សែត South China Morning Post មន្ត្រី​តៃវ៉ាន់​ម្នាក់ បាន​អះអាងថា មី​ស៊ី​ល ដែល​បាន​បាញ់​នៅ​យប់​ថ្ងៃទី​២៤ ខែកញ្ញា ទំនងជា​ប្រភេទ Tien Kung-3 ដែលជា​មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស ដើម្បី​បង្អាក់​មី​ស៊ី​លស​ប្រដេញ​។ ចំណែក​សារព័ត៌មាន​ក្នុងស្រុក​តៃវ៉ាន់​វិញ​ផ្សាយ​ថា មី​ស៊ី​ល​នេះ អាចជា​មី​ស៊ី​ល​ប្រឆាំងនឹង​នាវា Hsiung Feng III ឬ Tien Kung-3 ។​

​គួររម្លឹកផងដែរថា កាលពី​ខែមិថុនា​កន្លងទៅ យោធាតៃវ៉ាន់​ក៏បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ដែរ ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​ប្រភេទ​មី​ស៊ី​ល​ទេ​។បន្ទាប់ពីមី​ស៊ី​ល​នោះ គឺ​បាន​បាញ់​នៅក្បែរ​ឆ្នេរ​ភាគ​ខាងកើត និង​ខាងត្បូង​របស់​តៃវ៉ាន់​៕ដោយ៖ស តារា

...

​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print